ភ្នំពេញ៖ កម្ពុជា និងភាគីឥណ្ឌាបានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ននៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។។

ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នា លើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងបានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។
លើសពីនេះ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកជំទាវឯកអគ្គរដ្ឋទូតបានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការជំរុញវិនិយោគរបស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ដល់ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំ នៅកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) «ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការ លើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្ត កំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគ របស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូត បានអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបាន តែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍នាពេលថ្មីៗនេះ និងបានសម្តែងនូវការកោតសរសើរ ចំពោះកេរ ដំណែលស្នាដៃរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌ កម្ពុជា ពិសេសការដាក់បញ្ចូលប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ លោកជំទាវអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសឆ្នាំ២០២៣នេះ ជាខួបលើកទី៧១ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវអគ្គរដ្ឋទូត បានពិភាក្សាគ្នា លើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា។

ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវអគ្គរដ្ឋទូតឥណ្ឌា ក៏បានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើង ហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម-វប្បធម៌-សេដ្ឋកិច្ច និង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


