រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលអ៊ុយក្រែន បានវាយប្រហារចំទីបញ្ជាការការកណ្ដាល នៃកងនាវារបស់កងទ័ពជើងទឹករបស់រុស្ស៊ី បណ្ដាលឲ្យស្លាប់មេបញ្ជាការជាច្រើននាក់ នៅទីក្រុងកំពង់ផែសេវ៉ាស្ដូប៉ូល នៃឧបទ្វីបគ្រីមៀ (Crimea) កាលពីប៉ុន្មានថ្ងៃមុននេះ ហើយក៏ស្របពេលជាមួយនឹងការលើកឡើងរបស់លោកអធិការបតីអាល្លឺងម៉ង់ បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ ដោយចំអកទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ អំពីចក្រភពនិយមរបស់រុស្ស៊ី នឹងមិនមាននៅលើពិភពលោក នាសតវត្សរ៍ទី២១នេះ ហើយឥឡូវនេះ ក្រុងប៊ែរឡាំង អាចនឹងផ្ទេរមីស៊ីល បាញ់ចម្ងាយ ជាង៥០០គីឡូម៉ែត្រ ទៅជួយដល់ក្រុងកៀវ បន្ថែមទៀត។

សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ថា អាល្លឺម៉ង អាចនឹងផ្ទេរមីស៊ីលទោរូស (Taurus cruise missiles) បាញ់ប្រហារចម្ងាយជាង៥០០គីឡូម៉ែត្រ ទៅកាន់ប្រទេសអ៊ុយក្រែន ស្របពេលសហរដ្ឋអាមរិក បញ្ជូលមីស៊ីលបាញ់ចម្ងាយឆ្ងាយ ប្រភេទ ATACMS ទៅជួយដល់រដ្ឋាភិបាលក្រុងកៀវ។
យន្តហោះទម្លាក់គ្រាប់ ប្រភេទ Su-24 របស់កងទ័ពអាកាសអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល Storm Shadow ឬ SCALP EG ផ្គត់ផ្គង់ដោយប្រទេសបារាំង និង ចក្រភពអង់គ្លេស វាយប្រហារទៅលើរុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ។ ជាមួយគ្នានេះ អ៊ុយក្រែន ក៏ត្រូវការមីស៊ីល Taurus របស់អាល្លឺម៉ង់ បន្ថែមទៀត ព្រោះវាមានសមត្ថភាពវាយប្រហារ នៅក្នុងចម្ងាយ ជាង៥០០គីឡូម៉ែត្រ។

សារព័ត៌មាន Wall Street Journal រាយការណ៍ ថា អាល្លឺម៉ង់ ចង់ធ្វើសកម្មភាព ដោយមានការឯកភាពជាមួយសហរដ្ឋអាមេរិក។ រីឯការផ្គត់ផ្គង់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ប្រគល់មីស៊ីលគ្រូស Taurus បាញ់តាមអាកាស ទៅជួយដល់ប្រទេសអ៊ុយក្រែន។
លោក បូរីស ផីស្ដូរីស (Boris Pistorius) រដ្ឋមន្ត្រី ក្រសួងការពារជាតិអាល្លឺម៉ង់ បានអះអាង កាលពីប៉ុន្មានថ្ងៃមុន ថា មីស៊ីលរបស់អាល្លឺម៉ង់ និង អាមេរិក គឺជារឿងដាច់ដោយឡែកពីគ្នា។ ប៉ុន្ដែការផ្ទេរមីស៊ីល ATACMS មិនធ្វើឱ្យការចែកចាយមីស៊ីល Taurus ដំណើរការដោយស្វ័យប្រវត្តិនោះទេ។ ប្រទេសអាល្លឺម៉ង់ នឹងសម្រេចចិត្ត នៅប៉ុន្មានថ្ងៃខាងមុខនេះ។
មន្រ្ដីយោធាក្រុងកៀវ បានអះអាង កាលពីថ្ងៃសោរ៍ (ទី២៣ ខែកញ្ញា) ថា ការវាយប្រហាររបស់កងទ័ពការពារទឹកដីអ៊ុយក្រែន កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) បានតម្រង់ចំគោលដៅលើទីបញ្ជាការកណ្ដាល នៃកងនាវារបស់កងទ័ពជើងទឹករបស់រុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ នៅទីក្រុងកំពង់ផែសេវ៉ាស្ដេប៉ូល នៃឧបទ្វីបគ្រីមៀ ដោយបានសម្លាប់ទាហានរាប់សិបនាក់ ដោយរួមទាំងមេបញ្ជាការកងទ័ពជើងទឹកជាច្រើននាក់ ហើយទាហានជាច្រើននាក់ផ្សេងទៀត បានរងរបួស។ រីឯព័ត៌មានលម្អិត អំពីការវាយប្រហារ ពាក់ព័ន្ធនឹងទាហានរុស្ស៊ី ស្លាប់ និង រងរបួស នឹងបង្ហាញ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោក គីរីឡូវ ប៊ូដានូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានអះអាង ថា មេបញ្ជាការទាហានជើងទឹករបស់រុស្ស៊ី ចំនួន២នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលនេះ។
មន្រ្ដីរដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ ថា កងទ័ពអ៊ុយក្រែន កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) បានវាយប្រហារ ដោយមីស៊ីល ចំលើទីបញ្ជាការកណ្ដាល នៃកងនាវារបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ ស្ថិតនៅឧបទ្វីបគ្រីមៀ ខណៈកងទ័ពជើងទឹករបស់រុស្ស៊ី កំពុងតែបើកកិច្ចប្រជុំមួយ។
កងទ័ពអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា ការវាយប្រហាររបស់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ ប្រឆាំងនឹងទីបញ្ជាការ នៃកងនាវារបស់កងទ័ពជើងទឹករបស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ កាលពីថ្ងៃសុក្រ បានប្រើប្រាស់មីស៊ីលស្ដមសាដូវ (Storm Shadow) ដែលបានផ្គត់ផ្គង់ ដោយប្រទេសបារាំង និង ចក្រភពអង់គ្លេស។
បើតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានវាយតម្លៃ ថា ការវាយប្រហារដោយមីស៊ីលស្ដមសាដូវរបស់កងទ័ពការពារទឹកដី បានធ្វើឲ្យទាហានរុស្ស៊ី បានស្លាប់ និង រងរបួសជាច្រើននាក់ ដោយរាប់បញ្ចូលទាំងមេបញ្ជាការកំពូល គ្រប់គ្រងកងនាវា ប្រចាំនៅសមុទ្រខ្មៅផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

























