Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរបស់រស្ស៊ី នៅអ៊ុយក្រែន ទាំងរុស្ស៊ី និងលោកខាងលិច ខាតបង់អស់រាប់រយពាន់លានដុល្លារ

រដ្ឋធានីកៀវ៖ ចាប់តាំងពីសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បាន និង កំពុងតែបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ពិភពលោក ទាំងរុស្ស៊ីខ្លួនឯងផ្ទាល់ និង អ៊ុយក្រែន ហើយសូម្បីតែសហរដ្ឋអាមរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ទាំងនៅតំបន់អឺរ៉ុប និង អាស៊ី ក៏ខាតបង់លុយរាប់សិបពាន់លានដុល្លារ តាមរយៈការផ្គត់ផ្គង់ជំនួយយោធា និង ជំនួយមនុស្សធម៌។

សារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ថា  ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងកៀវ បានសន្យាផ្តល់ជំនួយយោធា និង មនុស្សធម៌ រាប់ពាន់លានដុល្លារ ដើម្បីជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ី។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានចេញមុខយ៉ាងខ្លាំង បញ្ចុះបញ្ចូលសម្ពន្ធមិត្តរបស់ខ្លួន  ឲ្យមកជួយគាំទ្រយ៉ាងពេញទំហឹង ដល់អ៊ុយក្រែន ទាំងជំនួយមនុស្សធម៌ និង យោធា សម្រាប់លើកទឹកចិត្តដល់កងទ័ពការពារទឹកដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ  ដើម្បីទប់ទល់នឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងសង្គ្រាមនេះ។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាំមេរិក កំពុងតែប្រឈមមុខនឹងសំណើកញ្ចប់ជំនួយយោធាថ្មីបន្ថែម សម្រាប់ប្រទេសអ៊ុយក្រែន មានទំហំទឹកប្រាក់ ២៤ពាន់លានដុល្លារ។ សំណើថ្មីនេះ កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក ជជែកដេញដោល នៅក្នុងសភារបស់សហរដ្ឋអាមេរិក។ ស្របគ្នានេះ សមាជិកសភា  មកពីគណបក្សសាធារណរដ្ឋ កំពុងតែលើកឡើង អំពីថវិកា គួរតែចំណាយទៅលើការបង្កើនដល់បញ្ហាសន្តិសុខ  នៅតាមព្រំដែនរបស់សហរដ្ឋអាមេរិកល្អជាង ខណៈមានក្តីបារម្ភ អំពីអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កំពុងតែពុះពារនឹងការលំបាកយ៉ាងខ្លាំង សម្រាប់បញ្ចុះបញ្ចូលដល់ប្រទេសជិតខាង និង សម្ពន្ធមិត្តលោកខាងលិច ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់គាត់ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង។

បើតាមក្រុមមន្រ្ដីជំនាញជាច្រើន មកពីអង្គការសហប្រជាជាតិ ក៏ដូចជា ធនាគារពិភពលោក និង មន្រ្ដីជំនាញរបស់អ៊ុយក្រែន ធ្លាប់លើកឡើង កាលពីចុងឆ្នាំ២០២២ ថា សង្គ្រាមរបស់រុស្ស៊ី បានបង្កបំផ្លិចបំផ្លាញដល់ប្រទេសអ៊ុយក្រែន គិតជាទឹកប្រាក់ មានទំហំជាង៤០០ពាន់លានដុល្លារ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង រកពន្លឺចរចាសន្ដិភាព មិនទាន់ឃើញ។

បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជាអ្នកជួយផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ជំនួយមនុស្សធម៌ គាំទ្រដល់អ៊ុយក្រែន គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖

១-សហភាពអឺរ៉ុប បានផ្ដល់ជំនួយ ចំនួន៨៤,៨ពាន់លានដុល្លារអាមេរិក,
២-សហរដ្ឋអាមេរិក ចំនួន ៦៩,៥ ពាន់លានដុល្លារ,
៣-អាល្លឺម៉ង់៖ ២០,៩ ពាន់លានដុល្លារ,
៤-ចក្រភពអង់គ្លេស ចំនួន ១៣,៨ ពាន់លានដុល្លារ,
៥-ន័រវែស ចំនួន ៧,៤ ពាន់លានដុល្លារ,
៦-ជប៉ុន ចំនួន ៦,៥ ពាន់លានដុល្លារ,
៧-កាណាដា ចំនួន ៥,៤ ពាន់លានដុល្លារ, ៨-ប៉ូឡូញ ចំនួន ៤,៣ ពាន់លានដុល្លារ,
៩-ហូល្លង់ដ៍ ចំនួន ៤,១ ពាន់លានដុល្លារ,
១០-ដាណឺម៉ាក ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×