រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលភាពតានតឹង នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងសមុទ្រចិនខាងត្បូង នោះ សហរដ្ឋអាមេរិក កំពុងតែលូកជើង ចូលកាន់តែជ្រៅ មកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបង្កើតកិច្ចព្រមព្រៀងជាមួយនឹងវៀតណាម ដើម្បីលក់គ្រឿងសព្វាវុធមកឲ្យប្រទេសជាអតីតគូសត្រូវរបស់ខ្លួន នៅក្នុងសម័យសង្គ្រាមត្រជាក់ ហើយផែនការនេះ នឹងបង្កឲ្យកើតមានភាពតានតឹង ជាមួយចិន និង រុស្ស៊ី បន្ថែមទៀត។
បណ្ដាញទូរទស្សន៍របស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ថា បើតាមមន្រ្ដីចំនួន២រូប បានអះអាង អំពីរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែចរចាជាមួយនឹងវៀតណាម ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រឿងសព្វាវុធដ៏ធំបំផុត នៅក្នុងជាប្រវត្តិសាស្ត្រ រវាងអតីតសត្រូវ នៅក្នុងសង្គ្រាមវៀតណាម នាអំឡុងសម័យសង្គ្រាមត្រជាក់។

ប្រភពព័ត៌មានដដែល បានបន្ដ ថា កញ្ចប់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក អាចនឹងកើតឡើង នៅក្នុងឆ្នាំ២០២៤។ នេះជាសកម្មភាពមួយ ដើម្បីរឹតចំណងទំនាក់ទំនងការទូត កាន់តែប្រសើរឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងហាណូយ ជុំវិញការលក់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ចំពេលក្រុងហាណូយ កំពុងតែប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងក្រុងប៉េកាំង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
កិច្ចព្រមព្រៀងនេះ នៅតែស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ប្រទេស ជាអតីតគូសត្រូវនឹងគ្នា។ រីឯលក្ខខណ្ឌជាក់លាក់ ក៏នៅមិនទាន់បានសម្រេចនៅឡើយ ប៉ុន្តែក៏ប្រធានបទយ៉ាងសំខាន់បំផុត សម្រាប់ការចរចាជាផ្លូវការនានា រវាងក្រុមមន្រ្ដីវៀតណាម និង សហរដ្ឋអាមេរិក ទាំងនៅក្នុងរដ្ឋធានីហាណូយ ទីក្រុងញូវយ៉ក និង រដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមុន។

បច្ចុប្បន្ន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណា អំពីរចនាសម្ព័ន្ធក្របខ័ណ្ឌហិរញ្ញប្បទានយ៉ាងពិសេស សម្រាប់ការលក់គ្រឿងសព្វាវុធថ្លៃៗ អាចជួយដល់ក្រុងហាណូយ បញ្ចៀសពីការពឹងផ្អែកបែបប្រពៃណីរបស់វៀតណាម លើអាវុធផលិតដោយរុស្ស៊ី មានតម្លៃថោក។
បើទោះជាយ៉ាងណា អ្នកនាំពាក្យសេតវិមាន និង ក្រសួងការបរទេសវៀតណាម មិនធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងសំណើណាមួយនោះឡើយ ជុំវិញបញ្ហានេះ។
កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ រវាងអាមេរិក និង វៀតណាម អាចនឹងធ្វើឱ្យចិន មានការប្រយ័ត្នប្រយែងយ៉ាងខ្លាំង ជុំវិញកិច្ចប្រឹងប្រែងរបស់លោកខាងលិច នៅក្នុងការជៀតជ្រែក ទៅលើក្រុងប៉េកាំង។ សកម្មភាពបែបនេះ បានកើតឡើង ស្របគ្នានឹងជម្លោះដែនទឹកដ៏រ៉ាំរ៉ៃ រវាងវៀតណាម និង ចិន កំពុងតែឡើងកម្តៅ នៅសមុទ្រចិនខាងត្បូង។ បញ្ហានេះ កំពុងតែពន្យល់ អំពីមូលហេតុ ដែលវៀតណាម កំពុងតែសម្លឹងមើល និង ស្វែងរកការកសាងប្រព័ន្ធការពារដែនសមុទ្ររបស់ខ្លួន ឲ្យកាន់តែរឹងមាំ៕ រក្សាសិទ្ធដោយ ៖ សារាយSN
























