រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ មានមហាសេដ្ឋី និង ក្រុមហ៊ុនធំៗពាក់ព័ន្ធជាច្រើន បានរងគ្រោះថ្នាក់ ហើយឥឡូវនេះ សហរដ្ឋអាមេរិក បានប្រកាស អំពីការរឹតបន្ដឹង ប្រឆាំងនឹងក្រុមហ៊ុនរបស់ចិន និង រុស្ស៊ី ជាច្រើនបន្ថែមទៀត ក្រោមការចោទប្រកាន់ ពីការផ្គត់ផ្គង់ជំនួយ ទៅដល់រដ្ឋាភិបាលក្រុងមូស្គូ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បានដាក់កំហិតដល់ការធ្វើពាណិជ្ជកម្មជាថ្មីរបស់ក្រុមហ៊ុនចិន ចំនួន១១ និង ក្រុមហ៊ុនរុស្ស៊ី ចំនួន៥ ក្រោមការចោទប្រកាន់ ប្រឆាំងនឹងក្រុមហ៊ុនទាំងនោះ អំពីការផ្គត់ផ្គង់សមាសធាតុផ្សំមួយចំនួន សម្រាប់បង្កើតយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជួយដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលមានសិទ្ធិអំណាចខ្លាំង គ្រប់គ្រងលើគោលនយោបាយនាំចេញ បានសម្រេចដាក់ក្រុមហ៊ុន សរុប២៨ រួមទាំង ក្រុមហ៊ុនហ្វាំងឡង់ដ៍ និង ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួន បញ្ចូលទៅក្នុងបញ្ជីខ្មៅក្រសួងពាណិជ្ជកម្មរបស់ខ្លួន។ វិធានការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើឱ្យកាន់តែពិបាក ដល់ក្រុមហ៊ុនផ្គត់ផ្គង់សហរដ្ឋអាមេរិក ដឹកជញ្ជូនបច្ចេកវិទ្យាទាំងនេះ ទៅឱ្យក្រុងមូស្គូ។
ជាមួយគ្នានេះ ក្រុមហ៊ុនចំនួន៩ រួមទាំងក្រុមហ៊ុនចិន Asia Pacific Links Ltd និង ក្រុមហ៊ុនរុស្ស៊ី SMT-iLogic ក៏បានរងការចោទប្រកាន់ ថា ក្រុមហ៊ុនទាំងនេះ បានចូលរួម នៅក្នុងគម្រោងមួយ សម្រាប់ការផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជួយដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាពិសេស ដែលបានចុះបញ្ជីខ្មៅរួចមកហើយ កាលពីពេលមុន សម្រាប់អគ្គនាយកស៊ើបការណ៍សម្ងាត់ចម្បង (GRU) របស់រុស្ស៊ី។

ការស៊ើបអង្កេត បានរកឃើញ ថា ក្រុមហ៊ុននាំចេញ Asia Pacific Links Ltd មានមូលដ្ឋាន នៅទីក្រុងហុងកុង ក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុត សម្រាប់កម្មវិធីយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រុស្ស៊ី។ ក្រុមហ៊ុនទាំងនេះ រួមជាមួយនឹងក្រុមហ៊ុននាំចូល SMT iLogic ក៏ក្លាយជាគោលដៅដ៏សំខាន់ សម្រាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីខែឧសភា។
បើទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនេះ នៅមិនបានឆ្លើយតបភ្លាមៗ ជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងពួកគេ នៅដែរ។
លោក អេឡាន អេស្ដេវេស (Alan Estevez) ប្រធានគ្រប់គ្រងការនាំចេញ នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យើងនឹងមិនស្ទាក់ស្ទើរ នៅក្នុងការចាត់វិធានការយ៉ាងរហ័ស និង មានអត្ថន័យ ប្រឆាំងទៅនឹងអ្នកបន្តស្វែងរកនូវការផ្គត់ផ្គង់ និង គាំទ្រដល់សង្រ្គាមដោយខុសច្បាប់ ហើយអសីលធម៌របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ»។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹង ថា អង្គភាពចិន ចំនួន៦ផ្សេងទៀត ត្រូវបានដាក់បន្ថែម ក្រោមការចោទប្រកាន់ អំពីការទិញគ្រឿងបន្លាស់យានហោះហើរ ជួយដល់ក្រុមហ៊ុនផលិតយន្តហោះអ៊ីរ៉ង់ ដែលបានប្រើប្រាស់ សម្រាប់បង្កើតយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ដែលបានប្រើប្រាស់ ដោយក្រុងតេអ៊ីរ៉ង់ សម្រាប់ការវាយប្រហារ ប្រឆាំងនឹងនាវាដឹកប្រេង នៅមជ្ឈិមបូព៌ា និង ដ្រូន ត្រូវបានប្រើប្រាស់ដោយកម្លាំងទាហានរុស្ស៊ី វាយប្រហារទៅលើប្រទេសអ៊ុយក្រែន
មជ្ឈមណ្ឌលបច្ចេកវិទ្យាពិសេស នៅទីក្រុងសាន់ផេធើរប៊ឺគ (St Petersburg) ប្រទេសរុស្សី ធ្លាប់ផលិតឧបករណ៍ឃ្លាំមើលជាច្រើន សម្រាប់រដ្ឋាភិបាលរុស្ស៊ី។ ប៉ុន្ដែឥឡូវនេះ មជ្ឈមណ្ឌលមួយនេះ បានផ្តោតយ៉ាងសំខាន់ ទៅលើយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់យោធារុស្ស៊ី ហើយវាបានក្លាយជាគោលដៅដំបូង នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានអះអាង ថា គាត់ធ្លាប់ធ្វើការ ជាមួយនឹងចារកម្មយោធារុស្ស៊ី ដើម្បីព្យាយាមមានឥទ្ធិពល ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៦។
សហរដ្ឋអាមេរិក បានប្រើប្រាស់បញ្ជីខ្មៅពាណិជ្ជកម្មយ៉ាងសកម្ម ដែលគេស្គាល់ ថា វាជាបញ្ជីអង្គភាព សម្រាប់កំណត់គោលដៅលើវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន និង ការប៉ុនប៉ងរារាំងដល់សង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរស់អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN






