Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បានហើយ ស្រីជើងខ្លាំងម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលព្រួតគ្នាវាយនារីម្នាក់ ក្នុងផ្ទះសំណាក់មួយ

ភ្នំពេញ ៖ នគរបាលជំនាញព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាវាយនារីម្នាក់ក្នុងផ្ទះសំណាក់មួយនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងការិ យាល័យនគរបាលព្រហ្ម ទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ គ្រុយ ស្រីលាភ ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ស្លាកស្នាមរងរបួស បណ្តាលឲ្យរបួសជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង , ចុកពោះខាងឆ្វេង និងចុកពោះ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និងជើងវាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ មានឈ្មោះ គ្រុយ ស្រីលាភ ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ស្រីលី ភេទ ស្រី អាយុប្រហែល ១៦ ឆ្នាំជនជាតិ ខ្មែរ ,ឈ្មោះ ស្រីរ៉ា ភេទ ស្រី អាយុប្រហែល ១៦ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស្រីយូ ភេទ ស្រី អាយុប្រហែល ១៦ ឆ្នាំ ជនជាតិ ខ្មែរ ។

មុនពេលកើតហេតុនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ និងមិត្តភក្តិសរុបមានគ្នាចំនួន ០៧ នាក់ បាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុចំនួន ០២ មានបន្ទប់លេខ២០៤ ,លេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១ និង ០០ នាទី ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន ០២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន ០៤ បន្ទប់ បន្ទាប់មកជនរងគ្រោះបានចុះទៅទិញស្រាបៀរហ្គេនស្បើក ចំនួន០៦កំប៉ុង មកនាំគ្នាផឹកស៊ី ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀត ថា ឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួន ទៅដោយជនរងគ្រោះ ទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះស្រីយូ រហូតដល់វេលាម៉ោង ០៦ និង ០០ នាទី ជនរងគ្រោះបានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាលួចស្បែកជើង ហើយជនរងគ្រោះនៅតែនិយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ហើយស្រែកថា ហេតុអីបានជាចោទថាអញលួចស្បែកជើងរបស់ង៉ែង ចំណែកស្រីយូ បានយកទូរសព្ទ័មកថតពីសកម្មភាពដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ ។

បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់លើជនរងគ្រោះរួចហើយ ក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ ។ ចំណែកឈ្មោះ ពេជ្រ មិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាពខាងលើទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×