ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកFordrangerមួយគ្រឿង ចេញពីផ្លូវបេតុងបួងចង្កូតបត់តាមបណ្តោយផ្លូវជាតិលេខ១ ទាំងបំពានស្តុបស្របពេលរថយន្តកុងតឺន័រ បើកមកត្រង់ជាន់ហ្រ្វាំងមិនទាន់ កៀពីចំហៀងខាងស្តាំផ្នែកខាងមុខបណ្តាលឲ្យឡើងសួនផ្លូវ ខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Fordranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BI-9967 បើកចេញពីបណ្តយផ្លូវបេតុងមួយខ្សែ ក្នុងទិសដៅពីជើងមកត្បូង រួចបានបើកឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ស្របពេលមានរថយន្តកុងតឺន័រក្បាលពណ៌ត្រួយចេកមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E-9578 បើកដោយបុរសម្នាក់ផ្លូវត្រង់តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ ក៏កៀរយន្តFordrangerចំពីមុខចំហៀងខាងស្តាំឡើងលើសួន ពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ ហើយភ្លាមនោះដែរម្ចាស់រថយន្ត Ford Rangerមិនព្រមឈប់ដោះស្រាយនោះទេ ដើរគេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត



