ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក LexusGS300មួយគ្រឿង ក្នុងល្បឿនលឿនឆ្លងស្តុបមិនបានប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាកកាមរីមួយគ្រឿងទៀត បើកកាត់ទទឹងផ្លូវទាំងបំពានស្តុប ចំពាក់កណ្តាលពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចស្តុបទល់មុខធនាគារកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងផ្លូវ១០៩ ក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីបុរសម្នាក់ បានឃើញហេតុការណ៍ខាងលើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ នគរបាល 2.5144 បើកបរតាមបណ្តោយផ្លូវ១០៩ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បើកឆ្លងផ្លូវទាំងបំពានស្តុបក្រហម ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ គាប់ជួនមានរថយន្តម៉ាក LexusGS300 ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1738 បើកបរដោយបុរសម្នាក់ធ្វើដំណើរត្រង់ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងរថយន្តកាមរីបាឡែន ពេញទំហឹងប៉ើងវិលមួយជុំរងការខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តLexus GS300វិញ បន្ទាប់ពីបុករួចខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ ទៅលើអ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ ពោលគឺខូចខាតតែរថយន្ត២គ្រឿងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វាធ្វើកំណត់ហេតុ យករថយន្តទាំងពីរគ្រឿង ទៅដោយសារទុករង់ចាំឲ្យភាគីទាំងសងខាង សម្រួលគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត



