ក្រចេះ ÷ មេឈ្មួញធំៗបំផ្លាញព្រៃឈើក្នុងខេត្តក្រចេះពីរទៅបីនាក់ ប្រើរថយន្តសាំយ៉ុងមិនក្រោម១០គ្រឿងទេ ក្នុងមួយយប់ដឹកជញ្ជូនឈើចេញពីកោះខ្ញែ ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ យ៉ាងអនាធិបតេយ្យ ដោយមិនមានសមត្ថកិច្ចណាហ៊ានប៉ះ។
ពលរដ្ឋលើកឡើងថា បទល្មើសដឹកជញ្ជូនឈើក្រហមនៅក្នុងតំបន់កោះខ្ញែ ឃុំអូរគ្រៀង ស្រុកអូគ្រៀងសែនជ័យ។ សកម្មភាពដឹកជញ្ជូនឈើនេះកើតឡើង បន្ទាប់ពីគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ជាតិដកកម្លាំងទៅវិញ។

ពលរដ្ឋបានឱ្យដឹងទៀតថា មន្ត្រីថ្នាក់មូលដ្ឋានហាក់មិនមានវិធានការទប់ស្កាត់ឡើយ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ។ បើទោះបីជាបទល្មើសដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងចេញពីក្នុងដែនដីរដ្ឋបាលគ្រប់គ្រងដោយខ្លួន យ៉ាងណាក៏ដោយ។ ចំណែកសមត្ថកិច្ចផ្សេងទៀត សម្ងំស្ងៀមចាំរាប់ក្បាលឡានទទួលផលប្រយោជន៍។

សូមបញ្ជាក់ថា ឈើទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនចេញពីព្រៃឡង់ មកលើកដាក់លើទូកនៅអូឡង់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រួចដឹកជញ្ជូនតាមទូកចុះទៅកោះខ្ញែ ភូមិខ្សាច់លាវ ឃុំអូរគ្រៀង និងលើកបន្តដាក់រថយន្តសាំយ៉ុង រួចចេញពីទឹកដីកោះខ្ញែ ភូមិខ្សាច់លាវឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តព្រៃវែង បានយ៉ាងរលូន
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសែនជ័យ មិនទាន់អាចសុំការពន្យល់បានទេ ជុំវិញបទល្មើសដឹកជញ្ជូនឈើខាងលើនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






