រដ្ឋធានីកៀវ៖ ថ្វីបើមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានកំណត់ពេលវេលា នៅត្រឹមដើមខែតុលា ឆ្នាំ២០២៣ សម្រាប់ប្រមុខការពារជាតិរបស់គាត់ ត្រូវតែចំកែលម្អស្ថានការណ៍ នៅលើសមរភូមិឡើងវិញ ហើយត្រូវតែបញ្ឈប់យុទ្ធនាការវាយបករបស់ក្រុងកៀវ យ៉ាងណាក្ដី ប៉ុន្ដែអ្វីដែលគេអាចមើលឃើញ ក៏មិនខុសគ្នាទៅនឹងអំពីអ្វីដែលមេដឹកនាំក្រុងមូស្គូ ធ្លាប់អះអាង ចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃដំបូង ត្រូវតែរឹបអូសប្រទេសអឺរ៉ុបខាងកើតមួយនេះឲ្យបាន ត្រឹមតែរយៈពេល៤៨ម៉ោងយ៉ាងយូរ ហើយរហូតមកដល់ពេលនេះ គាត់នៅតែមិនអាចផ្ដួលរំលំរបបក្រុងកៀវ បាន ខណៈរថចម្បាំងទំនើបៗរបស់សហរដ្ឋអាមេរិក បានហូរទៅដល់ប្រទេសមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ដោយដកស្រង់សម្ដីរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ថា កញ្ចប់ជំនួយរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក ជាលើកដំបូង បានមកដល់ប្រទេសអ៊ុយក្រែន ហើយ។
មេដឹកនាំអ៊ុយក្រែន រូបនេះ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «នេះជាព័ត៌មានល្អខ្លាំងណាស់… Abrams ជាច្រើនគ្រឿង បានមកដល់ប្រទេសអ៊ុយក្រែន រួចរាល់ហើយ។ យើងកំពុងតែរៀបចំបំពាក់រថយន្ដចម្បាំងទាំងនេះ ដើម្បីពង្រឹងកម្លាំងកងពលតូចរបស់យើង។ ខ្ញុំសូមដឹងគុណ ចំពោះសម្ពន្ធមិត្តរបស់យើង ដែលបានបំពេញនូវកិច្ចព្រមព្រៀងនេះ! យើងកំពុងស្វែងរកកិច្ចសន្យាថ្មីបន្ថែមទៀត ដោយពង្រីកភូមិសាស្ត្រផ្គត់ផ្គង់»។

រថក្រោះ Abrams ជាច្រើនគ្រឿង បានទៅដល់អ៊ុយក្រែន ហើយវាជាការកត់សម្គាល់ ចែកចាយលើកដំបូង នៅក្នុងចំណោមរថក្រោះ ចំនួន៣១ តាមអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យា។
មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាស កាលពីខែមករា ឆ្នាំ២០២៣ ថា រថក្រោះ M1A2 Abrams ចំនួន៣១គ្រឿង នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែក្រុមមន្ត្រីជាច្រើន បានប៉ាន់ប្រមាណ ថា វានឹងចំណាយពេលប្រហែល១ឆ្នាំ ដើម្បីធ្វើឱ្យរឿងនេះឡើង។
សហរដ្ឋអាមេរិក បានអះអាង កាលពីខែមីនា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្ដល់រថក្រោះ M1A1 Abrams ដែលបានកែលម្អរួចហើយ នៅក្នុងស្តុករបស់សហរដ្ឋអាមេរិក ជំនួស M1A2 Abrams វិញ ហើយការផ្គត់ផ្គង់រថចម្បាំងទាំងនេះ នឹងត្រូវធ្វើឡើង នៅរដូវស្លឹកឈើជ្រុះ។ ប៉ុន្ដែឥឡូវ វាលឿនជាងអ្វីដែលបានរំពឹងទុក កាលពីដំបូង ព្រោះរថចម្បាំងទាំងនោះ បានទៅដល់ដៃរបស់កងទ័ពអ៊ុយក្រែន រួចរាល់ហើយ។

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា អ៊ុយក្រែន នឹងទទួលបានរថក្រោះរបស់អាមេរិកាំង M1 Abrams ជាច្រើនគ្រឿង នៅក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីផ្ដល់ការគាំទ្រដល់យុទ្ធនាការវាយបករបស់ក្រុងកៀវ ប្រឆាំងនឹងរុស្ស៊ី។
លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានចារកម្មយោធាអ៊ុយក្រែន បានប្រាប់ដល់ប្លុកយោធាអាមេរិកាំង «The Warzone» កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) ថា រថក្រោះ Abrams គួរតែត្រូវប្រើប្រាស់ តាមវិធីសាស្រ្ដសមស្របបំផុត សម្រាប់ប្រតិបត្តិការជាក់លាក់ និងល្អិតល្អន់។ ប្រសិនបើរថចម្បាំងទាំងនេះ ត្រូវបានប្រើប្រាស់ នៅលើសមរភូមិជួរមុខ ហើយវាគ្រាន់តែប្រើប្រាស់ សម្រាប់ប្រយុទ្ធ ដោយអាវុធរួមគ្នា វានឹងមិនគង់វង្សយូរនោះឡើយ។ រថចម្បាំងទាំងនេះ នឹងត្រូវតែប្រើប្រាស់ នៅក្នុងប្រតិបត្តិការនាំមុខគេ ប៉ុន្តែត្រូវតែរៀបចំយ៉ាងល្អបំផុត»។
អ៊ុយក្រែន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានវាយប្រហារ ចំលើគោលដៅដ៏សំខាន់បំផុត នៅទីបញ្ជាការកណ្ដាល នៃកងនាវារបស់កងទ័ពរុស្ស៊ី នៅទីក្រុងកំពង់ផែសេវ៉ាស្ដូប៉ូល ស្ថិតនៅឧបទ្វីបគ្រីមៀ ដែលរដ្ឋាភិបាលក្រុងមូស្គូ បានរឹបអូសយកពីប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងឆ្នាំ២០១៤ ដោយគ្មានការបង្ហូរឈាម។ រីឯការវាយប្រហារ ដោយមីស៊ីល Storm Shadow ផ្គត់ផ្គង់ ដោយប្រទេសបារាំង និង ចក្រភពអង់គ្លេស នាពេលនោះ បានសម្លាប់ទាហានរុស្ស៊ី ចំនួន៣៤នាក់ ហើយក្នុងនោះក៏មានទាំងលោកឧត្តមនាវីឯក លោក វ៉ិកទ័រ សូកូឡូវ (Viktor Sokolov) មេបញ្ជាការកងទ័ពជើងទឹករបស់រុស្ស៉ី ប្រចាំនៅសមុទ្រខ្មៅ ផងដែរ។ ក្រៅពីនេះ ក៏មានកងទ័ពជើងទឹករបស់រុស្ស៊ី ចំនួន១០៥នាក់ផ្សេងទៀត រងរបួស។
ជាមួយនឹងភាពអាម៉ាស់បំផុត នៅក្នុងឋានៈជាប្រទេសមហាអំណាចយោធាលំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក នោះ លោក វ៉្លាឌីមៀ ពូទីន បានកំណត់ពេលវេលា ត្រឹមដើមខែតុលា សម្រាប់លោក ស៊ើរហ្គេ សយហ្គូ រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ត្រូវតែបិទបញ្ចប់យុទ្ធនាការរបស់អ៊ុយក្រែន។ ប៉ុន្ដែបទបញ្ជានេះ ទំនងជាមិនជោគជ័យ ដូចអ្វីដែលលោកប្រធានាធិបតី ពូទីន បានបញ្ជា៖ ត្រូវតែផ្ដួលរំលំអ៊ុយក្រែន ឲ្យបានយ៉ាងយូរ ត្រឹមតែរយៈពេល៤៨ម៉ោង។ ប៉ុន្ដែរហូតមកដល់ពេលនេះ សង្គ្រាមរបស់គាត់ បានអូសបន្លាយពេលវេលា ជិត៥៨០ថ្ងៃមកហើយ នៅតែធ្វើអ្វីអ៊ុយក្រែន មិនកើត ក្រៅតែបានត្រឹមតែបំផ្លិចបំផ្លាញប្រទេសជិតខាងមួយនេះប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN






















