រដ្ឋធានីកៀវ៖ ក្រោយពេលអ៊ុយក្រែន បានប្រហារដោយមីស៊ីលស្ដមសាដូវ (Storm Shadow) ប្រឆាំងនឹងទីបញ្ជាការកណ្ដាលរបស់កងនាវា នៃកងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ កាលពីប៉ុន្មានមុននេះ ឥឡូវនេះ មានសេចក្ដីរាយការណ៍ពីក្រុមមន្រ្ដីក្រុងកៀវ បានអះអាង ពីការសម្លាប់មេទ័ពកងនាវារបស់ប្រទេសមហាអំណាចកំពូលនុយក្លេអ៊ែររបស់ពិភពលោក និង មន្រ្ដីយោធាជាច្រើននាក់ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ថា មន្រ្ដីយោធាំពិសេសរបស់អ៊ុយក្រែន បានអះអាង កាលពីថ្ងៃចន្ទ (ទី២៦ ខែកញ្ញា) ថា លោកឧត្តមនាវីឯក លោក វ៉ិកទ័រ សូកូឡូវ (Viktor Sokolov) មេបញ្ជាការកងទ័ពជើងទឹករបស់រុស្ស៉ី ប្រចាំនៅសមុទ្រខ្មៅ បានស្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលស្ដមសាដូវរបស់កងទ័ពអ៊ុយក្រែន កាលពីសប្ដាហ៍មុន។
កងទ័ពអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ ដោយប្រទេសបារាំង និង ចក្រភពអង់គ្លេស វាយប្រហារទៅលើទីបញ្ជាការកណ្ដាល នៃកងនាវារបស់កងទ័ពជើងទឹករុស្ស៊ី ស្ថិតនៅទីក្រុងកំពង់ផែសេវ៉ាស្ដូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ប៉ុន្ដែភ្លាមៗនោះ ក្រុមមន្រ្ដីក្រុងកៀវ មិនទាន់បានផ្ដល់ព័ត៌មានលម្អិត នោះឡើយ។
បើទោះជាងណា ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ជុំវិញការសាកសួរ ថាតើលោកឧត្តមនាវីឯក លោក វ៉ិកទ័រ សូកូឡូវ (Viktor Sokolov) មេបញ្ជាការកងទ័ពជើងទឹករបស់រុស្ស៉ី ប្រចាំនៅសមុទ្រខ្មៅ ពិតជាបានស្លាប់ នៅក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែន មែនដែរឬយ៉ាង។

ក្រុមមន្រ្ដីយោធាអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានតម្រង់ចំគោលដៅ លើទីបញ្ជាការកណ្ដាល ខណៈកំពុងតែបើកកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំ នៃកងទ័ពជើងទឹករុស្ស៉ី ស្ថិតក្នុងទីក្រុង Sevastopol។ ការវាយប្រហារ ដោយមីស៊ីល ទៅលើទីបញ្ជាការកណ្ដាល នៃកងទ័ពជើងទឹករុស្ស៉ី ប្រចាំនៅសមុទ្រខ្មៅ បានសម្លាប់មន្ត្រីយោធា ចំនួន៣៤នាក់ ហើយក្នុងនោះមានទាំងមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី ប្រចាំនៅសមុទ្រខ្មៅម្នាក់ ផងដែរ។ ចំណែកទាហាន ចំនួន១០៥នាក់ផ្សេងទៀត បានរងរបួស»។
ជាមួយគ្នានេះ ក្រុមមន្ត្រី ត្រូវបបានលើកបន្តុបដោយរុស្ស៉ី ស្ថិតនៅឧបទ្វីបគ្រីមៀ ដែលបានរឹបអូសពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤ បានទទួលស្គាល់ ថា ពិតជាមានការវាយប្រហារពីអ៊ុយក្រែន កាលពីថ្ងៃសុក្រ សប្ដាហ៍មុនប្រាកដមែន។ មីស៊ីលមួយគ្រាប់ បានធ្លាក់ចំទីស្នាក់ការកងទ័ពជើងទឹករបស់រុស្ស៊ី។ បើទោះជាយ៉ាងណា គេនៅមិនទាន់ដឹង ថាតើកងកម្លាំងពិសេសអ៊ុយក្រែន បានរាប់ចំនួនអ្នកស្លាប់ និង រងរបួស ដោយរបៀបណានោះដែរ ខណៈភាគីទាំងសងខាង តែងតែអះអាង អំពីការខាតបង់ធ្ងន់ធ្ងររបស់សត្រូវតែរៀងៗខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕ រក្សាសិទ្ធដោយ ៖ សារាយSN









