Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន វ័ណ្ឌ.កនឹងបំណុលពាន់លានដុល្លារ អត់លុយបង់ការប្រាក់

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden កំពុងតែវណ្ឌ.កនឹងបំណុល រាប់សិបពាន់លានដុល្លារ ហើយស្របគ្នានេះ ក៏ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយទៀតរបស់ប្រទេសមហាយក្សអាស៊ី Evergrande ក៏កំពុងតែប្រឈមមុខនឹងវិបត្ដិកាន់តែជ្រៅ នៅក្នុងវិស័យនេះ ខណៈក្រុមហ៊ុន បានប្រកាស ពីការអត់មានលុយបង់ការប្រាក់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ថា បណ្ដាញផ្សព្វផ្សាយរបស់ចិន Caixin បានរាយការណ៍ ថា អាជ្ញាធរចិន បានចាប់ឃុំខ្លួននាយកប្រតិបត្ដិបច្ចុប្បន្ន និង អតីតនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ជាច្រើននាក់ ដោយក្នុងនោះ មានទាំងលោក ស៊ា ហៃជុន (Xia Haijun) អតីតនាយកប្រតិបត្ដិ និង លោក ផាន ដារ៉ុង (Pan Darong) អតីតប្រធានហិរញ្ញវត្ថុ។ ប៉ុន្ដែ BBC មិនអាចបញ្ជាក់ អំពីភាពត្រឹមត្រូវ លើសេចក្ដីរាយការណ៍របស់ Caixin បាននោះឡើយ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande ក៏មិនបានឆ្លើយតបភ្លាមៗ ជុំវិញសំណើសុំអត្ថាធិប្បាយពី BBC នោះដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande កាលពីថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) បានធ្លាក់ចុះ ក្រោយការដាំក្បាលចុះយ៉ាងខ្លាំង កាលពីថ្ងៃមុន។ រីឯទីផ្សារភាគហ៊ុនរបស់ Evergrande បានធ្លាក់ចុះជាង២៥ភាគរយ នៅសប្ដាហ៍នេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសចិន Country Garden កាលពីថ្ងៃទី៣១ ខែសីហា បានបង្ហោះ អំពីការខាតបង់ ចន្លោះពីខែមករា ដល់ ខែមិថុនា ចំនួន ៤៨,៩ពាន់លានយន់ (Yuan លុយរបស់ចិន)  ឬស្មើនឹង៦,៧២ពាន់លានដុល្លារធៀបនឹងការខាតបង់សុទ្ធ ៦,៧ពាន់លានយន់ នៅក្នុងឆមាសទី២ នៃឆ្នាំ២០២២ ហើយប្រាក់ចំណេញសុទ្ធ ចំនួន៦១២លានយន់ នៅឆមាសទី១ នៃឆ្នាំ២០២២។

ស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន Evergrande Group កំពុងតែលង់ខ្លួននឹងបំណុលដ៏ច្រើនបំផុត និង បានក្លាយទៅជានិមិត្តរូប នៃវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Evergrande Group កាលពីថ្ងៃទី២០ ខែសីហា  បានប៉ាន់ប្រមាណបំណុលរបស់ក្រុមហ៊ុន ឥឡូវនេះមានចំនួនជិត ៣២៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ពីជិត៣៤០ពាន់លានដុល្លារអាមេរិក កាលពីចុងឆ្នាំ២០២២។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សមួយនេះ ក៏បានប្រកាស អំពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនទៅ ដោយមានសាច់ប្រាក់ ត្រឹមតែ៥៥៦លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មានប្រហែល២ពាន់លានដុល្លារអាមេរិក ។

តួលេខផ្លូវការ កាលពីដើមខែសីហា បានបង្ហាញ ថា ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុក រហូតដល់ ១៤,៥ភាគ នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈការនាំចូល បានធ្លាក់ចុះ ១២,៤ភាគរយ។ ស្របគ្នានេះ ការអត់ការងារធ្វើរបស់យុវជន ដែលមានកម្រិតខ្ពស់បំផុត ក៏កំពុងតែត្រូវតាមឃ្លាំមើលយ៉ាងដិតដល់ផងដែរ ខណៈនិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣នេះ។

ការខាតបង់ដ៏ធំទាំងនេះ បង្ហាញអំពីចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ បានរង្គោះរង្គើ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិបត្តិទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសចិន។ រីឯបញ្ហាប្រឈមជាច្រើន នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានរួមបញ្ចូលអ្វីៗគ្រប់យ៉ាង ចាប់ពីការសាងសង់ផ្ទះ រហូតដល់ឧស្សាហកម្មផលិតទំនិញ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំង មកដល់ប្រទេសមហាយក្សមួយនេះផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីផ្សារភាគហ៊ុនហុងកុង កាលពីថ្ងៃអាទិត្យ (ទី២៤ ខែកញ្ញា) ថា  ក្រុមហ៊ុនមិនអាចលក់បំណុលថ្មី ដែលជាផ្នែក នៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបាននោះទេ ព្រោះក្រុមហ៊ុនកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ពីអាជ្ញាធរ។ រីឯក្រុមហ៊ុន ក៏បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) អំពីការអត់មានលុយបង់ការប្រាក់ ចំនួន៤ពាន់លានយន់ ឬ ស្មើនឹង៥៤៧លានដុល្លារអាមេរិក។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande បានជំពាក់បំណុល រហូតដល់ជាង៣០០ពាន់លានដុល្លារអាមេរិក។ បញ្ហានេះ កំពុងតែក្លាយជាបញ្ហាវិបត្ដិបំណុលដ៏ធំបំផុត នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×