កណ្តាល ៖ បុរសមានការងារជាប៉ូលិស ចំណែកស្រ្តីគូកំណាន់ គឺជាអ្នកលក់ខោអាវតាមអនឡាញដ៍ពូកែម្នាក់ មិនដឹងជាជួបវិបត្តិស្នេហាយ៉ាងណានោះទេ បានជាណាត់គ្នាទៅធ្វើអត្តឃាត ស្លាប់ទាំងពីរនាក់ដូចរឿងទុំទាវនៅស្រុកត្បូងឃ្មុំអីចឹង។
សាកសពគូស្នេហ៍ដែលនៅសល់តែគ្រោងឆ្អឹង ត្រូវបានគេប្រទះឃើញ នៅក្នុងចំការស្ងាត់មួយកន្លែងជាកម្មសិទ្ឋរបស់ឈ្មោះ យ៉ុង ឈិន ស្ថិតនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចឱ្យដឹងថា បុរសដែលធ្វើអត្តឃាតនោះឈ្មោះ ឆើត ឆវិន អាយុ៣០ឆ្នាំ តួនាទីជាមន្រ្តី នគរបាលជាតិ រស់នៅភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកស្រ្តីកំណាន់ឈ្មោះ ឈឿង មួយឡេង អាយុ៣២ឆ្នាំ មុខរបរជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ រស់នៅភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មូលហេតុនៃការស្លាប់គ្មាននណារម្នាក់បានដឹងនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាយូរមកហើយ។
ស្រ្តីម្នាក់ឈ្មោះ ឈឿង ធាវី ជាបងស្រី្តបង្កើតជនរងគ្រោះឈ្មោះ ឈឿង មួយឡេង បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់បានឆាតតាម Messenger ប្រាប់គាត់ថាឱ្យជួយមើលម៉ែផងខ្ញុំទៅស្លាប់ក្នុងព្រៃហើយ។ រួចគាត់សួរទៀតថា ឯងមានរឿងអ្វី? តែជនរងគ្រោះមិនប្រាប់នោះទេ ហើយក៍បិទទូរសព្ទថែមទៀត។ ក្រោយឮដូច្នេះខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលបឹងទំពុនឱ្យជួយរកប្អូន តែបាត់ដំណឹងតាំងពីពេលនោះមក រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានហ្វេសបុកឈ្មោះ Pich Pich ត្រូវជាមិត្តភក្តិប្អូនបានឆាតមកប្រាប់ថា គេឃើញសាកសពមនុស្សពីរនាក់ដេកស្លាប់ក្នុងចំការមួយ នៅទីតាំងខាងលើក៏ហៅបងប្អូនទៅមើល ឃើញភិនភាគសម្លៀកបំពាកថាពិតជាប្អូនស្រីរបស់ខ្លួនមែន រួចក៏សុំសមត្ថកិច្ចយកសាកសពមកធ្វើបុណ្យនៅផ្ទះ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា ក្រុមគ្រួសារសាច់ញាតិបានប្រកាសបាត់ដំណឹងអ្នកទាំងពីរតាំងពីថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២៣ ហើយសាកសពអ្នកទាំងពីរ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីព្រឹកមិញ ហើយក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះកែវ បានទទួលព័ត៌មានថាមានករណីមនុស្សស្លាប់ពីរនាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការយកខ្សែហ៊ុំព័ទ្ធ នៅទីតាំងកើតហេតុខាងលើ នឹងបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលស្រុកល្វាឯម និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស របស់ស្នងការដ្ឋាននគបាលខេត្តកណ្ដាល ដើម្បីចុះទៅពិនិត្យសាកសពទាំងពីរនាក់ខាងលើ។
ដោយសមត្ថកិច្ចបានបញ្ជាក់ថា សាកសពទាំងពីរនាក់ គឺត្រូវនឹងគ្រាប់កាំភ្លើង អាចជាករណីបាញ់សម្លាប់នារីខាងលើ រួចហើយបុរសដែលជាមន្ត្រីប៉ូលិសហ្នឹង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
សូមបញ្ជក់ថា នៅក្បែសាកសពគេប្រទះឃើញមានកាំភ្លើងខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់កាំភ្លើងក្នុងប្រអប់មាន៣៣គ្រាប់ បង់ចំនួន១ មាន៧គ្រាប់៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត,សួងសាម
















