ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយស្រ្តីជាប្រពន្ធនិងកូនតូចម្នាក់ទៀត ស្រវឹងស្រាជោកជាំ បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ស្រាប់តែរ៉េចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉ក ដាក់ប្រកបរបរកស៊ីប៉ះកង់និងម៉ូតូ នៅចិញ្ចើមផ្លូវ បណ្តាលឲ្យប៉ើងផ្ទប់នឹងរបង ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៣នាក់ទៀត រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយស្រ្តីជាប្រពន្ធ ហើយនិងកូនតូចម្នាក់ទៀត បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AT-7065 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះទាំងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតរថយន្តមកខាងស្តាំដៃយ៉ាងលឿន បុកខឿនឡើងចិញ្ចើមផ្លូវជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉ក ដែលឪពុកនិងកូន៣នាក់ បានដាក់ប្រកបរបប៉ះកង់និងម៉ូតូ ពេលយប់ប៉ើងទៅផ្ទប់នឹងរបង ហើយខ្ទាតទៅត្រូវស្រ្តីម្នាក់ទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្សប្រុសស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ទៅបុកដើមឈើមួយដើមបន្ថែមយ៉ាងពេញទំហឹង ទើបរថយន្តទៅមុខលែងរួច រីឯបុរសជាអ្នកបើករថយន្តបង្ក ត្រូវបានពលរដ្ឋជិតខាងនាំគ្នាឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ពិនិត្យរួចក៏ទំនាក់ទំនងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុហើយស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សាមេត








