រដ្ឋធានីហាវ៉ាណា (Havana)៖ រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងហាវ៉ាណា បានក្លាយជាសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយគ្នា ចាប់តាំងពីសម័យសហភាពសូវៀត រហូតមកដល់រុស្ស៊ី នាពេលបច្ចុប្បន្ន ប៉ុន្ដែឥឡូវ រដ្ឋាភិបាល នៃប្រទេសទាំង២ កំពុងតែទាក់ទងគ្នា ដោះស្រាយពីបញ្ហាពាក់ព័ន្ធនឹងការចោទប្រកាន់ អំពីការរត់ពន្ធជនជាតិគុយបា ទៅជួយគាំទ្រដល់កម្លាំងទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។

បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ដោយដកស្រង់សម្ដីរបស់លោក វិកទ័រ កូរ៉ូណែលលី (Viktor Koronelli) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីហាវ៉ាណា ប្រទេសគុយបា បានអះអាង ថា រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងហាវ៉ាណា កំពុងតែទាក់ទងគ្នា ក្រោយពេលគុយបា បានចាប់ខ្លួនមនុស្ស ជាច្រើនករណី ជុំវិញការចោទប្រកាន់ អំពីការរត់ពន្ធជនជាតិគុយបា នាំទៅប្រយុទ្ធគាំទ្រដល់កម្លាំងទាហានរុស្ស៊ី នៅក្នុងសង្គ្រាមរបស់ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន។
រដ្ឋាភិបាលក្រុងហាវ៉ាណា កាលពីដើមខែកញ្ញា បានប្រកាស អំពីការចាប់ខ្លួនមនុស្ស ចំនួន១៧នាក់ ជាប់ព័ន្ធនឹងបណ្ដាញរត់ពន្ធមនុស្ស ដោយធ្វើប្រតិបត្ដិការ ចេញពីរុស្ស៊ី ដើម្បីជ្រើសរើសជនជាតិគុយបា នាំទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

លោក វិកទ័រ កូរ៉ូណែលលី ឯកអគ្គរដ្ឋទូតរុស្ស៊ី បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា) នៅក្នុងរដ្ឋធានីហាវ៉ាណា ថា«អាជ្ញាធរមានសមត្ថកិច្ច កំពុងតែធ្វើការងាររបស់ពួកគេ លើករណីនេះ ហើយកំពុងតែទាក់ទងគ្នា រវាងភាគីរុស្ស៊ី និង គុយបា។ ប៉ុន្ដែខ្ញុំក៏មិនបានដឹង ថា មានជនជាតិគុយបា ចំនួនប៉ុន្មាននាក់ នៅក្នុងប្រទេសរុស្ស៊ី នោះដែរ»។
បើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរគុយបា បានអះអាង ថា នៅក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះ មានអ្នកជ្រើសរើសទាហាន ចំនួន៣នាក់ និង ជនជាតិគុយបា ចំនួន១៤នាក់ ត្រូវបានចោទប្រកាន់ អំពីការរៀបចំផែនការ បញ្ជូនមនុស្សទៅប្រយុទ្ធ ជួយគាំទ្រដល់ទាហានរុស្ស៊ី ដែលកំពុងតែធ្វើសង្គ្រាម នៅអ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN





























