កណ្តាល ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងអ្នកភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានសម្តែងការព្រួយបារម្មណ៍ ខណៈសាឡង់បូមខ្សាច់ទាំងយប់ទាំងថ្ងៃនៅក្បែរច្រាំងទន្លេ ដោយគ្មានការកំណត់ពោងបូមខ្សាច់នោះទេ។
លោក ឃឹម សុភក្រ្ត័ រស់នៅភូមិព្រែកដូងបានលើកឡើងថា នៅក្នុងរយៈពេលជាង០៣ខែចុងក្រោយនេះ គាត់បានឃើញវត្តមានសាឡង់ជាច្រើនគ្រឿងនាំគ្នាសម្រុកមកបូមខ្សាច់កៀកច្រាំងទន្លេ ក្បែរលំនៅដ្ឋានរបស់ពួកគាត់ទាំងយប់ទាំងថ្ងៃ ទាំងនៅត្រើយខាងកើតភូមិព្រែកដូង និងត្រើយខាងលិចភូមិចុងកោះអន្លង់ចិន។ ដោយការបូមនោះ ចាប់ផ្តើតាំងពីម៉ោងបួន-ប្រាំ ទៀបភ្លឺរហូតដល់ម៉ោង៦ល្ងាចទើបឈប់ ដែលបង្កសំឡេងទ្រហឹង ជាពិសេសរំខានដល់សិស្សសាលាដែលរៀននៅសាលាបឋមសិក្សាចុងកោះ និងធ្វើឱ្យដីរបស់ពួកគាត់ ចាប់ផ្តើមរអិលបាក់ស្រុតជាបណ្តើរៗហើយ។

អ្នកស្រី ជ្រៀង ស្រីស្រស់ ឱ្យដឹងផងដែរថា តាមធម្មតាមុនពេលអនុញ្ញាតិឱ្យមានការបូមខ្សាច់ មន្ត្រីជំនាញ អាជ្ញាធរស្រុក-ក្រុង ខេត្ត តែងចុះមកបើវេទិការផ្វផ្សាយឱ្យពលរដ្ឋដឹង ហើយក៏មានការដាក់ពោងកំណត់ត្រឹមត្រូវ និងតម្រូវឱ្យបូមយ៉ាងតិចបំផុត១០០ម៉ែត្រពីច្រាំង និងមានម៉ោងពេលកំណត់ច្បាស់លាស់ ហើយផ្តល់នូវលេខទូរស័ព្ទ សម្រាប់ឱ្យពលរដ្ឋផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនអនុវត្ត ខុសគោលការណ៍ថែមទៀតផង។ ប៉ុន្តែលើកនេះកុំថាឡើយបើកវេទិកា សូម្បីតែក្រុមហ៊ុនណាក៏ប្រជាជនមិនស្គាល់ផង ទើបបានជាក្រុមសាឡង់ទាំងនេះ ធ្វើតាមចិត្តយ៉ាងដូច្នេះ ហើយបើនៅតែបណ្តោយឱ្យបូមកៀកៗច្រាំង និងនៅកន្លែងដដែលៗ របៀបនេះ ការអនុញ្ញាតិឱ្យបូមខ្សាច់ស្តារទន្លេ ដើម្បីសម្រួលចរន្តទឹកកាត់បន្ថយការបាក់ច្រាំងនោះវានឹងក្លាយទៅជាការបូម ធ្វើឱ្យច្រាំងទន្លេបាក់កាន់តែខ្លាំងជាក់ជាមិនខានឡើយ ដូច្នេះ សូមមន្ត្រីជំនាញនិងថ្នាក់លើ ជាពិសេសឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល មេត្តាចុះមកពិនិត្យផង។

មេឃុំកំពង់ស្វាយ លោក កុយ ណារ៉ុង បានប្រាប់ថា លោកមិនបានដឹងថាក្រុមហ៊ុនបូមខ្សាច់នោះឈ្មោះអីនោះទេ ហើយមិនដឹងថាមានអាជ្ញាបណ្ណ័ឬមិនមាននោះទេ គ្រាន់តែដឹងថាគេរត់ច្បាប់យូរដែរហើយ ប៉ុន្តែលោកមិនដែលឃើញអាជ្ញាបណ្ណ័នោះទេ ករណីលោកមិននៅស្ងៀមនោះទេនិងស៊ើបអង្កេតឱ្យបានច្បាស់នាពេលឆាប់ៗ។ ចំណែកលោក ប៉ូ ឆាង ចៅសង្កាត់កោះអន្លង់ចិន បានបញ្ជាក់ដែរថាសង្កាត់មិនទាន់ដឹងថាក្រុមនោះឈ្មោះអ្វី និងមានអាជ្ញាប័ណ្ណឬក៏អត់នោះទេ ហើយលោកនឹងរាយការណ៍ទៅលោកអភិបាលក្រុង ដើម្បីអន្តរាគមន៍រឿងបញ្ហានេះ។
ពាក់ព័ន្ឋករណីនេះ លោក ជាសារិទ្ឋ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល បានផ្តល់សម្ភាសន៍យ៉ាងខ្លីថា សាឡង់បូមខ្សាច់នីមួយៗត្រូវបានអនុញ្ញាតដោយ រដ្ឋបាលខេត្តកណ្តាល។ ទាក់ទងនឹងការព្រួយបារម្មណ៍របស់ពលរដ្ឋ លោកមិនទាន់ឆ្លើយយ៉ាងណានោះឡើយ៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត








