រាជធានីបាងកក៖ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានប៉ូលិស ចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ ក្រោយការវិលត្រឡប់ មកដល់ប្រទេសកំណើតវិញ មិនបានមួយម៉ោងផង បន្ទាប់ពីការនិរទេសខ្លួន រស់នៅក្រៅប្រទេស អស់រយៈពេលជាង១៥ឆ្នាំកន្លងមក ប៉ុន្ដែឥឡូវ មានការរំពឹងទុក ថា លោកមហាសេដ្ឋី វ័យ៧៤ឆ្នាំរូបនេះ អាចនឹងមានសេរីភាពឡើងវិញ នៅដើមឆ្នាំ២០២៤។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ថា បើតាមលោក ស៊ុមឆៃ សាវ៉ាងកាន (Somchai Sawangkarn) សមាជិកព្រឹទ្ធសភា និង ជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកសិទ្ធិមនុស្ស សេរីភាពជនស៊ីវិល បានបញ្ជាក់ ថា អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែជាប់ពន្ធនាគារ នឹងត្រូវដោះលែង បន្ទាប់ពីគាត់បានបញ្ចប់នូវការជាប់ពន្ធនាគារ ចំនួនពាក់កណ្ដាល នៃទោសទណ្ឌ រយៈពេល១ឆ្នាំរបស់គាត់។ ដូច្នេះ គាត់នឹងមានសិទ្ធិសេរីភាពឡើងវិញ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤។
លោក ស៊ុមឆៃ សាវ៉ាងកាន បានបន្ថែម ថា លោក ថាក់ស៊ីន នឹងនៅតែអាចទទួលការកាត់បន្ថយការជាប់ពន្ធនាគារបន្ថែម បើទោះជាអាណត្តិទោសទណ្ឌរបស់គាត់ ត្រូវបានបន្ធូរបន្ថយ ពីការជាប់គុក រយៈពេល៨ឆ្នាំ មកនៅត្រឹមជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ ក្រោមព្រះរាជទានបន្ធូរបន្ថយទោស ពីព្រះមហាក្សត្រ យ៉ាងណាក្ដី។

នាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបណ្ដេញចេញពីអំណាច ដោយអំពើរដ្ឋប្រហារយោធា នៅក្នុងអំឡុងឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះរហូតមក គាត់បានបង្ខំចិត្ត រស់នៅក្រៅប្រទេស ដោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំ។ លុះមកដល់ចុងខែសីហា កន្លងទៅនេះ គាត់បានវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ ហើយត្រូវបានប៉ូលិស ចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ និង ត្រូវបានតុលាការ កាត់ទោសគាត់ ដោយបានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្រោមការចោទប្រកាន់ ជាច្រើនករណី រួមមាន បទរំលោភបំពានអំណាច និង ជម្លោះផលប្រយោជន៍…ជាដើម។
ក្រោយពេលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ពន្ធនាគារ មិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបានព្រះមហាក្សត្រថៃ ផ្ដល់ព្រះរាជទានបន្ធូរបន្ថយទោសដល់គាត់ ពីការជាប់គុក រយៈពេល៨ឆ្នាំ មកនៅជាប់ពន្ធនាគារ ត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN








