Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប ស៊ើបអង្កេតលើរថយន្ដចិន រញ្ជួយដល់ក្រុមហ៊ុនធំៗរបស់បស្ចិមលោក

ទីក្រុងប៊្រុចសែលស៍ (Brussels)៖ ជាមួយនឹងការព្រួយបារម្ភ អំពីផលប៉ះពាល់ ដល់វិស័យឧស្សាហកម្មរថយន្ដអគ្គិសនីរបស់សហភាពអឺរ៉ុបនោះ គណៈកម្មការអឺរ៉ុប ចាប់ផ្ដើមស៊ើបអង្កេត ទៅលើវិស័យរថយន្ដអគ្គិសនី (EV) នៅក្នុងប្រទេសចិន ដោយសារតែមានការសង័្សយ អំពីការប្រកួតប្រជែងមិនស្មើភាពគ្នា ហើយវិធានការនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ដល្បីៗ រួមទាំងម៉ាកយីហោរបស់ពិភពលោក មានដូចជា Tesla និង BMW ដើម្បីកំណត់ ថាតើក្រុមហ៊ុនទាំងនោះ ទទួលបានអត្ថប្រយោជន៍ហួសហេតុ ក្រោមការឧបត្ថម្ភធនរបស់រដ្ឋចិនដែរឬទេ?

សារព័ត៌មាន Cleanearth បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ថា គណៈកម្មការអឺរ៉ុប កំពុងតែស៊ើបអង្កេត ថាតើវិស័យឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន (EV) ទទួលបានអត្ថប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋដែរឬទេ? វិធានការនេះ មិនត្រឹមតែរាប់បញ្ចូលក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្លុករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរាប់បញ្ចូលដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗរបស់ពិភពលោក ផងដែរ មានដូចជា ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ខ៍ (Elon Mask), ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីរបស់បារាំង Renault និង ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីរបស់អាល្លឺម៉ង់ BMW ដែលផលិតរថយន្ត នៅក្នុងប្រទេសចិន។

នៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ដ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ គឺក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ធំបំផុតរបស់ពិភពលោក ភាគច្រើន មានរោងចក្រ នៅសៀងហៃ ប្រទេសចិន ក៏ប្រឈមនឹងលទ្ធភាព នៃការដាក់ពន្ធទណ្ឌកម្ម ប្រសិនបើក្រុមហ៊ុនមួយនេះ ត្រូវបានគេរកឃើញ ថា បានទទួលការឧបត្ថម្ភធនរដ្ឋយ៉ាងច្រើន មកពីប្រទេសចិន។ ចំណាត់ការរបស់សហភាពអឺរ៉ុប អាចនឹងធ្វើឱ្យការនាំចេញរថយន្ដរបស់ក្រុមហ៊ុន ចេញពីរោងចក្រ មិនមានអំណោយផលល្អខាងសេដ្ឋកិច្ច ហើយវាអាចប៉ះពាល់ដល់រថយន្តស៊េរី Model 3 ដោយបានកំណត់ សម្រាប់តែទីផ្សារសហភាពអឺរ៉ុប ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃបរិមាណផលិតកម្មរបស់ក្រុមហ៊ុន Tesla ។

ការវិវឌ្ឍស្ថានការណ៍ថ្មីនេះ មិនត្រឹមតែជាមូលហេតុ នៃការព្រួយបារម្ភ សម្រាប់ក្រុមហ៊ុន Tesla ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏សម្រាប់រថយន្ដម៉ាកយីហោល្បីៗរបស់អឺរ៉ុប ដូចជា ក្រុមហ៊ុនផលិតរថយន្ដ Polestar, BMW និង Cupra ដែលផលិតផ្តាច់មុខនូវរថយន្តអគ្គិសនីមួយចំនួន នៅក្នុងប្រទេសចិន សម្រាប់នាំចេញទៅកាន់ទីផ្សាររបស់អឺរ៉ុប ផងដែរ។

ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប មានគោលបំណងវាយតម្លៃ ថាតើប្រទេសចិនបានឧបត្ថម្ភធន ដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់ខ្លួនជាច្រើន មានដូចជា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី BYD, SAIC Motor និង Nio ដែរឬយ៉ាងណា។ ប្លុកសេរីមួយនេះ ក៏នឹងចាត់វិធានការសមស្រប ដើម្បីកំណត់ទីផ្សារ សម្រាប់វិស័យឧស្សាហកម្មរថយន្ដអគ្គិសនីរបស់សហភាពអឺរ៉ុប។

ការកើនឡើងយ៉ាងឆាប់រហ័ស នៃរថយន្តអគ្គិសនី នៅក្នុងប្រទេសចិន ជាការមិនអាចប្រកែក ដោយមានម៉ាកល្បីៗជាច្រើន មានដូចជា ក្រុមហ៊ុនផលិតរថយន្ដ BYD, Nio និង XPeng ហើយក្រុមហ៊ុនទាំងនេះ បាននាំចេញរថយន្តអគ្គិសនី ប្រកបដោយបច្ចេកវិទ្យាខ្ពស់។ ក្រុមហ៊ុនទាំងនោះ បានផ្តោតអារម្មណ៍ លើតម្លៃសមរម្យ និង ជារថយន្ដអគ្គិសនីកម្រិតខ្ពស់ ទើបធ្វើឱ្យរថយន្ដទាំងនោះ ក្លាយជាការគំរាមកំហែងយ៉ាងខ្លាំង ដល់ក្រុមហ៊ុនផលិតរថយន្ត ដែលកំពុងតែដំណើរការ រួមទាំង រថយន្ដម៉ាកល្បីៗផងដែរ។ ស្ថានភាពបែបនេះ កំពុងតែជំរុញឱ្យសហភាពអឺរ៉ុប ចាត់វិធានការ ដោយប្រៀបធៀបរថយន្ដទាំងនោះ ទៅនឹងបញ្ហាប្រឈមមុខនឹងវិស័យឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់អឺរ៉ុប ស្របពេលប្លុកសេរីមួយនេះ កំពុងតែប្រឈមមុខនឹងការនាំចូលផលិផលថោកៗ មកពីប្រទេសចិន កាលពីពេលកន្លងមក។

ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប មានសក្តានុពលរៀបចំនូវការប្រកួតប្រជែងឡើងវិញ នៅក្នុងទ្វីបអឺរ៉ុប ដែលជាទីផ្សាររថយន្ដអគ្គិសនីធំជាងគេលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន។ សហភាពអឺរ៉ុប និង ប្រទេសមហាយក្សចិន មានហេតុផល សម្រាប់បន្តប្រុងប្រយ័ត្ន ព្រោះសហភាពអឺរ៉ុប អាចបង្ហាញដល់ក្រុមហ៊ុនផលិតរបស់ខ្លួន សងសឹកដ៏ខ្លាំងក្លាតបតវិញ ស្របពេលក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិន កំពុងតែពឹងផ្អែក ទៅលើសហភាពអឺរ៉ុប ដែលជាគោលដៅនាំចេញដ៏សំខាន់របស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តល្បឺៗ នៅតំបន់អឺរ៉ុប មានដូចជា ក្រុមហ៊ុនផលិតរថយន្ដរបស់អាល្លឺម៉ង់ BMW និង ក្រុមហ៊ុនបារាំង Renault ធ្វើប្រតិបត្តិការបណ្តាក់ទុនរួមគ្នា ជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដរបស់ប្រទេសចិន ក៏កំពុងតែស្ថិតក្រោមតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវឌ្ឍន៍នេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×