រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១៨ខែកន្លងមកនេះ ក្រុមហ៊ុនជាច្រើនរបស់ចិន កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចរបស់រុស្ស៊ី និង ជួយបង្កើនសមត្ថភាពយោធារបស់រដ្ឋាភិបាលក្រុងមូស្គូ។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNBC បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា ក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិន កំពុងតែជួយបំពេញបន្ថែមដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលរងគ្រោះ ដោយទណ្ឌកម្មរបស់លោកខាងលិច ហើយជួយផ្គត់ផ្គង់សម្ភារយោធាដល់ក្រុងមូស្គូ។

បើតាមទិន្នន័យគយរបស់រុស្សី កាលពីខែសីហា ឆ្នាំ២០២៣ បានចង្អុលបង្ហាញ អំពីការនាំចូលយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន, មួកសុវត្ថិភាព អាវកាក់ និង វិទ្យុទាក់ទង មកពីប្រទេសចិន។ សកម្មភាពទាំងនេះ នឹងជួយដល់សង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អូសបន្លាយ អស់រយៈពេលជាង១៨ខែកន្លងមកនេះ។
លោក ម៉ាក កានស៊ៀន (Mark Cancian) មន្រ្ដីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិ (CSIS) មានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា «ខ្ញុំគិត ថា វាគ្មានអ្វីចម្លែក ដែលអាជ្ញាធរចិន មិនបានដឹង អំពីលំហូរពាណិជ្ជកម្មនោះទេ។ ទំហំពាណិជ្ជកម្មធំល្មម ពិតជាមិនអាចបន្តដំណើរការ ដោយគ្មានការព្រមព្រៀង ពីរដ្ឋាភិបាលចិន នោះឡើយ»។
ថ្វីបើរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង ពីពាណិជ្ជកម្មរបស់ចិន ជាមួយក្រុងមូស្គូ គឺជាការបង្កើតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមធម្មតា មិនមែនជាគោលដៅដល់ភាគីទី៣ យ៉ាងណាក៏ដោយ ក៏ទំហំពាណិជ្ជកម្មរបស់ចិន កំពុងតែកើតឡើងយ៉ាងខ្លាំង នៅក្នុងអំឡុងសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។

លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី ក្រសួងការបរទេសចិន កាលពីសប្តាហ៍មុន បានបញ្ជាក់ អំពីការបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរបស់ចិន ជាមួយរុស្ស៊ី នៅមុនពេលកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និង មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) គ្រោងនឹងធ្វើឡើង នៅខែតុលា។
បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កាលពីខែកក្កដា បានអះអាំង ថា ប្រទេសចិន បានក្លាយជាគោលដៅដ៏សំខាន់ សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួន។ ចិន ប្រហែលជាផ្គត់ផ្គង់បច្ចេកវិទ្យាសំខាន់ៗ និង ឧបករណ៍ប្រើប្រាស់ ជួយដល់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីប្រើប្រាស់ នៅក្នុងសង្គ្រាមអ៊ុយក្រែន ជាឧទាហរណ៍ សម្រាប់សម្ភារជាច្រើនត្រូវផ្គត់ផ្គង់ រួមមាន ឧបករណ៍រុករក បច្ចេកវិទ្យារ៉ាដា និង គ្រឿងបន្លាស់យន្ដហោះ…ជាដើម។.

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងកៀវ បានរាយការណ៍ ថា កងទ័ពរបស់ខ្លួន កំពុងតែស្វែងរកវត្ថុសមាសធាតុដើមរបស់ចិន នៅក្នុងគ្រឿងសព្វាអាវុធ ត្រូវបានប្រើប្រាស់ ដោយយោធារបស់រុស្ស៊ី ចាប់តាំងពីខែមេសា ឆ្នាំ២០២៣រហូតមក។ នៅក្នុងអំឡុងពេលនោះ ក៏ជាខែដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និង លោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្ត្រី ក្រសួងការពារជាតិចិន បានរំលឹកឡើងវិញ អំពីភាពជាដៃគូ រវាងប្រទេសរបស់ពួកគេ ថា «គ្មានដែនកំណត់» ផងដែរ។

បច្ចុប្បន្ន សម្ពន្ធមិត្តរបស់បស្ចិមលោក កំពុងតែប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកមួយ ទាំងអ្នកលក់ ជាបុគ្គលមានគោលដៅ ដែលដឹងអំពីផលប៉ះពាល់ អាចនឹងមានកម្រិត ឬ ចាត់វិធានការ ប្រឆាំងនឹងក្រុងប៉េកាំង ជាមួយនឹងផលប៉ះពាល់ដ៏ធំធេង ហើយមានហានិភ័យ ពីការសងសឹក។ ប្រសិនបើប្រទេសចិន គាំទ្រជាចំហដល់រុស្ស៊ី គឺវានឹងមានផលប៉ះពាល់យ៉ាងខ្លាំង លើទំនាក់ទំនង ជាមួយនឹងលោកខាងលិច ទាំងសេដ្ឋកិច្ច នយោបាយ និង សន្តិសុខរបស់រដ្ឋាភិបាលក្រុងប៉េកាំង ព្រោះវាជាការប្រឆាំងនឹងសម្ពន្ធភាពលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប្រ៊ុចសែល។
ដោយឡែ ក្រុមអ្នកវិភាគរបស់លោកខាងលិច បានអះអាង ថា «ចិនចង់ឱ្យរុស្ស៊ីមិនចាញ់ ប៉ុន្តែពួកគេមិនចង់ចូលរួម។ បញ្ហានេះ អាចមានអំណះអំណាង នៅក្នុងការបញ្ជូនអាវុធ ហើយក៏មានការស៊ើបការណ៍ នៅជុំវិញ ប្រហែលជាចិនចង់បញ្ជូនអាវុធ។ ប៉ុន្តែចិនក៏មានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះវាអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច»៕ រក្សាសិទ្ធដោយ ៖ សារាយSN









