អាមេរិក ៖ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានរំឭកអតីតកាល នៅក្នុងសុន្ទរកថារបស់គាត់ អំពីពេលវេលាមួយ នៅក្នុងអំឡុងសង្រ្គាមអ៊ីរ៉ាក់ ថា គាត់ និង លោកនាយឧត្ដមសេនីយ៍ មីលឡេ កំពុងតែបម្រើការងារ នៅក្នុងទីក្រុង Baghdad ហើយរថយន្តរបស់ពួកគាត់ បានរងការខូចខាត ដោយការវាយប្រហារ ពីគ្រឿងបំផ្ទុះ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខទាហានអាមរិកាំងរងរបួស។

លោករដ្ឋមន្រ្ដី អូស្ទីន បានបន្ដ ថា «នៅក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់នោះ ខ្ញុំបានសួរទៅលោកនាយឧត្ដមសេនីយ៍ មីលឡេ តើរឿងបែបនេះធ្លាប់កើតមានឡើង ចំពោះអ្នកពីមុនដែរទេ?» គាត់បាននិយាយតបមកខ្ញុំវិញ ថា «អូហ៍! បាទ ខ្ញុំធ្លាប់រងការបំផ្ទុះប្រហែលប្រាំដងរួចមកហើយ»។
លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ បានឡើងកាន់តំណែង ជានាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៩ ក្រោមការតែងតាំង ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងអំឡុងឆ្នាំ២០២០ លោកនាយឧត្ដមសេនីយ៍ បានសុំទោសជាសាធារណៈសម្រាប់ការចូលរួមជាមួយលោក ដូណាល់ ត្រាំ ខណៈគាត់បានដើរចេញពីសេតវិមាន ឆ្ពោះទៅកាន់ព្រះវិហារមួយ នៅក្បែរនោះ ជាឱកាសថតរូប បន្ទាប់ពីអាជ្ញាធរបានបង្ក្រាបលើក្រុមអ្នកតវ៉ា ដោយការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់កៅស៊ូ។

ដោយឡែក លោកឧត្តមសេនីយ ឆាលស៍ ឃ្យូ. ប្រោន បានថ្លែងទៅកាន់អ្នកចូលរួម ថា គោលដៅរបស់គាត់ ដើម្បីទប់ស្កាត់ការឈ្លានពាន និង ប្រយុទ្ធ ខណៈមានការអំពាវនាវ។ កងទ័ពសហរដ្ឋអាមេរិក ត្រូវតែផ្តោតលើការធ្វើយោធូបនីយកម្មឲ្យកាន់ទំនើប ជាមួយនឹងគោលគំនិត និង យុទ្ធសាស្រ្តថ្មីៗ។
ការតែងតាំងលោកឧត្តមសេនីយ ឆាលស៍ ឃ្យូ. ប្រោន ជាអតីតអ្នកបើកយន្តហោះចម្បាំង មានបទពិសោធន៍ច្រើន នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មានន័យថា ជនជាតិអាមេរិកស្បែកខ្មៅ នឹងកាន់តំណែងកំពូលទី២ ជាលើកដំបូង នៅក្នុងមន្ទីរបញ្ចកោណ ហើយវាជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ស្ថាប័នមានលក្ខណៈចម្រុះ ប៉ុន្តែភាគច្រើន ជាជនជាតិស្បែកស និង ជាបុរស នៅក្នុងឋានៈមេទ័ពកំពូលនេះ។
លោកប្រធានាធិបតី ចូ បៃដិន បានតែងតាំងលោក ឡយ អូស្ទីន ឱ្យក្លាយជារដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក ហើយក៏ក្លាយជាជនជាតិស្បែកខ្មៅដំបូងគេ បានឡើងកាន់កាប់តំណែងកំពូលផ្នែកកិច្ចការស៊ីវិល នៅក្នុងមន្ទីរបញ្ចកោណ៕ រក្សាសិទ្ធដោយ ៖ សារាយSN





























