រដ្ឋធានីបាដដាដ៖ ក្រោយពេលការកើតមានសោកនាដកម្ម នៅក្នុងអាពាហ៍ពិពាហ៍មួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបណ្ដាលឲ្យមនុស្សជាង១០០នាក់ បាត់បង់ជីវិត រួចមក កូនកំលោះ ដែលនៅរស់រានមានជីវិត នៅក្នុងហេតុការណ៍នោះ បានអះអាង អំពីសមាជិកគ្រួសាររបស់ខ្លួន ចំនួន១៥នាក់ ក៏បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យឆេះសាល នៃពិធីអាពាហ៍ពិពាហ៍នោះដែរ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ ថា កូនកំលោះ និង កូនក្រមុំ នៅក្នុងហេតុការណ៍ផ្ទុះគ្រោះអគ្គិភ័យឆេះសាលពិធីអាពាហ៍ពិពាហ៍របស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានស្លាប់ជាង ១០០នាក់ បានអះអាង ថា ពួកគេ មានអារម្មណ៍ ថា បាននស្លាប់នៅក្នុងហេតុការណ៍នោះ។
អ្វីដែលត្រូវបានគេសន្មត ថា វាជាថ្ងៃដ៏រីករាយបំផុត នៅក្នុងជីវិតរបស់ពួកគេ បែរប្រែក្លាយទៅជារាត្រីដ៏រន្ធត់ សម្រាប់កូនកំលោះ រ៉េវ៉ាន់ (Revan) និង កូនក្រមុំ ហានីន (Haneen)។ ទាំងកូនក្រមុំ និង កូនកំលោះ បានបាត់បង់សមាជិកគ្រួសារ ក្រោយពេលគ្រោះអគ្គិភ័យ បានចាប់ផ្តើមផ្ទុះឡើង នៅខាងក្នុងសាល នៃពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅតំបន់ភាគខាងជើង ខេត្តនីណេវេហ៍ ( Nineveh) ប្រទេសអ៊ីរ៉ាក់ កាលពីពេលថ្មីៗនេះ។

កូនកំលោះ រ៉េវ៉ាន់ (Revan) និង កូនក្រមុំ ហានីន (Haneen) បាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹង Sky News ថា វាពិបាកនឹងបរិយាយ ក្រោយការបាត់បង់សមាជិកគ្រួសារ ចំនួន១៥នាក់ រួមទាំងម្តាយ និង បងប្រុសរបស់នាង ផងដែរ។ រីឯឪពុករបស់នាង ក៏កំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឡើយ។ វាជាការពិតណាស់ យើងកំពុងតែអង្គុយ ជាអ្នកនៅរស់ ប៉ុន្តែផ្លូវចិត្តរបស់យើង បានស្លាប់អស់ហើយ។ យើងមានអារម្មណ៍ ថា ស្លាប់នៅខាងក្នុងហេតុការណ៍នោះ។ កូនកំលោះខ្លួនឯង បានបាត់បង់សមាជិកគ្រួសារ ចំនួន១៥ នៅក្នុងសោកនាដកម្មនោះ»។
កូនកំលោះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Sky News ថា ហេតុការណ៍នោះ អាចជាការឆ្លងចរន្ដ។ ប៉ុន្តែភ្លើងបានចាប់ផ្តើម នៅក្នុងពិតាន។ យើងមានអារម្មណ៍ ថា ក្តៅ… ពេលនោះ ខ្ញុំបានឮសំឡេងផ្ទុះប្រេះៗ ខ្ញុំមើលទៅលើពិតាន។ បន្ទាប់មកពិតាន ធ្វើពីនីឡុងទាំងអស់ បានចាប់ផ្តើមរលាយ ដោយបានចំណាយពេល ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ នៅក្នុងសាល នៃអាពាហ៍ពិពាហ៍នោះ មានបំពង់ពន្លត់អគ្គិភ័យ ត្រឹមតែមួយប៉ុណ្ណោះ ហើយក៏មិនអាចបាញ់ពន្លត់»។

ស្ថិតក្នុងស្ថានភាពចលាចល កំពុងតែកើតឡើង នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ ខណៈឃើញភ្លើងកំពុងតែឆេះនោះ កូនកំលោះ រ៉េវ៉ាន់ បានជួយកូនក្រមុំរបស់គាត់ ឱ្យរួចផុត ពីអ្វីដែលមិនអាចដើរបាន ដោយសារតែសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់នាង។
កូនកំលោះ រ៉េវ៉ាន់ បានបន្ថែម ថា «ខ្ញុំបានចាប់ប្រពន្ធខ្ញុំ អូសចេញពីសាល នៃពិធីមង្គលការរបស់ខ្ញុំ ហើយព្យាយាមនាំនាង ចេញពីតាមច្រកចូលផ្ទះបាយ។ ស្របគ្នានោះ ភ្ញៀវដែលបានចូលរួម នៅក្នុងពិធីនោះ កំពុងតែរត់គេចខ្លួន ហើយជាន់ជើងនាង បណ្ដាលឲ្យរងរបួស»។
បើទោះជាយ៉ាងណា ជីវិតគូស្វាមីភរិយាថ្មីថ្មោងរបស់ពួកគេ បានកើតមានជម្លោះជាមួយនឹងសាច់ញាតិ នៅក្នុងពិធីកាន់ទុក្ខ ពិធីបុណ្យសព និង ការបញ្ចុះសពមនុស្ស ជាទីស្រឡាញ់របស់ពួកគេ។ នៅទីបំផុត គូស្នេហ៍មួយគូនេះ បានសម្រេចចិត្ត ចាកចេញពីស្រុកកំណើត ក្រោយពេលសោកនាដកម្មនេះ បានផ្ទុះឡើង។
កូនកំលោះ បានបន្ដ ថា «សោកនាដកម្មនេះ បានធ្វើឲ្យយើង មិនអាចរស់នៅទីនេះ បន្ដទៅទៀត។ ខ្ញុំចង់និយាយ ថា រាល់ពេលដែលយើងព្យាយាម មានសុភមង្គល បែរជាប្រែក្លាយជាសោកនាដកម្ម បានកើតឡើង សម្រាប់យើង ហើយបំផ្លាញសុភមង្គលរបស់យើង។ ដូច្នេះ វាជាការល្អបំផុត សម្រាប់ការចាកចេញរបស់យើង»៕ រក្សាសិទ្ធដោយ ៖ សារាយSN








