ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតជាមន្ត្រីយោធាចូលនិវត្តន៍ ដោយសារតែជីវភាពគ្រួសារខ្វះខាត ទៅយាមជាសន្តិសុខនៅបុរីមួយកន្លែង ខណៈជិះម៉ូតូឈប់រង់ចាំភ្លើងស្តុប ត្រូវរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកកិនចំពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី១ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ចំណុចស្តុបឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ដាវ ឡន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតភូមិស្រីស្នំសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ-1BC-3334 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ខណៈភ្លើងស្តុបពណ៌ក្រហមជនរងគ្រោះ ក៏បានឈប់រង់ចាំភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខ ធ្វើដំណើរស្រប់ទិសដៅគ្នា បានបត់ស្ដាំបណ្ដាលឱ្យកិនចាំពីក្រោយម៉ូតូដួលជនរងគ្រោះ ចូលក្រោមកង់រថយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ហើយអ្នកបើកបរបានព្យាយាម បើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស សហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធាភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង នឹងបានស្រាវជ្រាវតាមកាំម៉េរ៉ាសុវត្ថិភាព ដើម្បីស្វែងរកផ្លាកលេខរថយន្តបង្ក និងអ្នកបើកបរយកមកចាត់ការតាម ផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម



