ភ្នំពេញ ៖ បុរសម្នាក់បានកៀបជាប់នៅក្នុងកង់បីរងរបួសធ្ងន់ ត្រូវបានកងកម្លាំងសង្គ្រោះ៧១១ មកជួយសង្គ្រោះភ្លាមៗ ខណៈពេលដែលបើកម៉ូតូកង់បីឥណ្ឌា ចុះផ្លូវក្រោមស្ពានអាកាសចោមចៅ យ៉ាងលឿនទៅបុកពីក្រោយរថយន្តកុងតឺន័រ ដែលកំពុងតែបើកបរនៅពីខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២៣ ចំណុចផ្លូវក្រោមស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-1502 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតរួចបើកចុះតាមផ្លូវក្រោមស្ពានអាកាសចោមចៅ បត់ឡើងទៅផ្លូវសហពន្ធរុស្សី ខណៈពេលបើកចុះបានដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នុំពេញ 1IE-4804 បើកមកពីក្រោយស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្តាលឲ្យកៀបជាប់ ខណៈពលរដ្ឋបានជួយតែទាញយកបុរសរងគ្រោះខាងលើដែរ តែដោយកៀបជាប់ខ្លាំងពេក ក៏សុំខាងកងកម្លាំងសង្គ្រោះ ៧១១ ចុះមកជួយធ្វើការអន្តរាគមន៍សង្គ្រោះ ទៅលើបុរសរងគ្រោះចេញមកក្រៅបានភ្លាមៗផងដែរ និងដាក់តាមរថយន្តសាមុយយកទៅសង្រ្គោះផងដែរ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងមន្ត្រីជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង នឹងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត




