Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម អះអាង អំពីការចាប់ខ្លួនប្រធានអង្គការថាមពល

រដ្ឋធានីហាណូយ៖ ក្រុមសិទ្ធិមនុស្សមួយ បានរាយការណ៍ កាលពីខែមុន ថា លោកស្រី ងូ ធី តូ ញាន (Ngo Thi To Nhien) នាយកប្រតិបត្តិ គំនិតផ្ដួចផ្ដើមសហគ្រិនសង្គមផ្លាស់ប្ដូរថាមពលវៀតណាម (VIET) មានមូលដ្ឋាន នៅក្នុងរដ្ឋធានីហាណូយ ត្រូវបានឃុំខ្លួន បើទោះជាភ្លាមៗនោះ មិនមានការបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរវៀតណាម យ៉ាងក៏ដោយ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែតុលា ថា វៀតណាម កាលពីថ្ងៃអាទិត្យ (ទី១ ខែតុលា) បានអះអាង អំពីការចាប់ខ្លួននាយកអង្គការគោលនយោបាយថាមពល មួយរូប។ នេះជាអ្នកជំនាញទី៦ ដែលកំពុងធ្វើការលើបញ្ហាបរិស្ថាន ត្រូវបានចាប់ដាក់ពន្ធនាគារ នៅក្នុងរយៈពេល២ឆ្នាំ កន្លងមកនេះ។

លោកស្រី ងូ ធី តូ ញាន ជាអ្នកស្រាវជ្រាវមួយរូប ធ្វើការជាមួយអង្គការអន្តរជាតិមួយចំនួន រួមមាន ធនាគារពិភពលោក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និង ធនាគារអភិវឌ្ឍន៍អាស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ វៀតណាម បានរាយការណ៍ កាលពីថ្ងៃអាទិត្យ (ទី១ ខែតុលា) ថា លោកស្រី ងូ ធី តូ ញាន នាយកប្រតិបត្តិ គំនិតផ្ដួចផ្ដើមសហគ្រិនសង្គមផ្លាស់ប្ដូរថាមពលវៀតណាម (VIET) ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ ពីបទយល់ព្រមលើឯកសារផ្ទៃក្នុងទាក់ទងនឹងអគ្គិសនីរដ្ឋរបស់វៀតណាម។

លោកឧត្តមសេនីយឯក តូ អាន ហ្សូ (To An Xo) អ្នកនាំពាក្យ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ ថា លោកស្រី ញាន ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី២០ ខែកញ្ញា ក្រោមការចោទប្រកាន់ ពីការទទួលឯកសាររបស់អង្គការមួយ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ បានបដិសេធ ថា អ្នកស្រី ត្រូវបានចាប់ខ្លួន ដោយសារតែពាក់ព័ន្ធនឹង«សកម្មភាពបរិស្ថាន»។

ស្របគ្នានេះដែរ លោក ឌួង ឌុក វៀត (Duong Duc Viet) អាយុ៤៤ឆ្នាំ ជាអ្នកអ្នកឯកទេសជាន់ខ្ពស់ នៃគណៈកម្មាធិការគ្រប់គ្រងការវិនិយោគ នៃសាជីវកម្មបញ្ជូនថាមពលថ្នាក់ក្រោមជាតិ(EVN) និង លោក ឡេ គួក អាញ ( Le Quoc Anh) អាយុ៣៩ឆ្នាំ ជាប្រធានផ្នែកវិភាគប្រព័ន្ធ នៃក្រុមហ៊ុន Power Engineering Consulting 1 ក៏ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ដូចគ្នានេះដែរ។ បើតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម លោកស្រី ញាន អាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ។

លោកស្រី ញាន កំពុងតែធ្វើការលើផែនការអនុវត្ត សម្រាប់ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌របស់វៀតណាម (JETP) ហើយនេះជាគម្រោង ត្រូវបានផ្តល់មូលនិធិ មានទំហំទឹកប្រាក់ ជាង១៥ពាន់លានដុល្លារ ដោយក្រុមប្រទេស G7 សម្រាប់ជួយដល់ប្រទេសវៀតណាម កាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ នេះបើយោងតាមក្រុមនិយាយដោយសេរី The 88 Project កាលពីខែមុន។

ការបញ្ជាក់អំពីការចាប់ខ្លួនលោកស្រី ញាន បានធ្វើឡើង ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវៀតណាម បានចាប់ឃុំខ្លួនសកម្មជនអាកាសធាតុនាំមុខគេ គឺលោក ហង ធី មីញហុង (Hoang Thi Minh Hong) ក្រោមការចោទប្រកាន់ ពីបទគេចពន្ធ។ ចំណាត់ការរបស់វៀតណាម ប្រឆាំងនឹងសកម្មជនបរិស្ថាន បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីអន្តរជាតិផងដែរ។

ប្រទេសវៀតណាម បានប្តេជ្ញា ថា ប្រទេសអាស៊ានមួយនេះ នឹងឈានដល់ការបំភាយកាបូនសុទ្ធ នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រុមប្រទេសអ្នកមាន G7 រួមមាន កាណាដា បារាំង អ៊ីតាលី ជប៉ុន អាល្លឺម៉ង ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានសន្យា ថា នឹងរៃអង្គាសប្រាក់ យ៉ាងហោចណាស់ឲ្យបាន ចំនួន ១៥,៥ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសវៀតណាម ងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

បើទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងហាណូយ នៅតែមិនអត់ឱនឲ្យ ចំពោះការប្រឆាំងទៅនឹងការគ្រប់គ្រង ដោយឯកបក្ស។ រីឯអ្នករិះគន់ តែងតែត្រូវប្រឈមមុខនឹងការបំភិតបំភ័យ ការយាយី និង ការរឹតត្បិតដល់សកម្មភាពនានារបស់ពួកគេ។ វៀតណាម បានបង្ហាញ អំពីចំណង់តិចតួច សម្រាប់ការបញ្ចេញសំឡេងមិនពេញចិត្ត លើបញ្ហាបរិស្ថាន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×