រដ្ឋធានីហាណូយ៖ រហូតមកដល់ពេលនេះ វៀតណាម កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍយ៉ាងខ្លាំង លើវិស័យឧស្សាហកម្មបច្ចេកវិទ្យា រហូតមានសមត្ថភាព ផលិតរថយន្ដប្រើប្រាស់ថាមពលអគ្គិសនី ដោយខ្លួនឯង ហើយរថយន្ដអគ្គិសនីរបស់ប្រទេសអាស៊ានមួយនេះ មានតម្លៃប្រហាក់ប្រហែលនឹងរថយន្ដល្បីៗរបស់ពិភពលោក និង អាចបើកបរ ឬ រត់លើផ្លូវ មានចម្ងាយរហូតដល់ជិត៤០០គីឡូម៉ែត្រ ទើបត្រូវសាកភ្លើង ឬ បញ្ចូលអគ្គិសនីម្ដង។

សារព័ត៌មានរបស់វៀតណាម VNExpress បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast (វិនហ្វាស្ដ៍) បានដាក់លក់រថយន្តអគ្គិសនីទី៥របស់ខ្លួន ប្រភេទ VF 6 Crossover ជាមួយនឹងតម្លៃគោល ចាប់ពី ៦៧៥លានដុង (លុយវៀតណាម ) ឬស្មើនឹង ២៧ ៨០០ដុល្លារអាមេរិក។

រថយន្តអគ្គិសនី ប្រភេទ VF 6 Crossover ផលិត ដោយប្រទេសវៀតណាម មានតម្លៃប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ដ Creta របស់ក្រុមហ៊ុន Hyundai និង រថយន្ដ Seltos របស់ក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូង ផងដែរ។ បច្ចុប្បន្ន វៀតណាម កំពុងតែប្រកួតប្រជែងទីផ្សារ ជាមួយនឹងរថយន្ដអគ្គិសនីល្បីៗ នៅលើពិភពលោក រួមមាន ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ និង ចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN








