កណ្តាល ៖ អនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានធ្វើបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសង (អាប៉ោង)បាន៤នាក់ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីទោ ប៉ា ច័ន្ទវិសាល អធិការរងនគរបាលស្រុកកៀនស្វាយឱ្យដឹងថា ជនសង្ស័យ ចំនួន០៤នាក់រួមមាន៖ ១.ឈ្មោះ កុច ម៉ាច ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ២.ឈ្មោះ ភុម កុយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបចុប្បន្នខេត្តកំពង់ចាម ស្នាក់នៅបណ្តោះភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៣.ឈ្មោះដួង សុខុម ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិវត្តជន មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៤.ឈ្មោះផល សំណាង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ១.មេអាប៉ោងពណ៌លឿងចំនួន០១។ ២.ចានអាប៉ោងពណ៌សចំនួន០១។ ៣.ប្រដាប់គ្របអាប៉ោងជ័រពណ៌ត្រួយចេក ចំនួន០១។ ៤.កាធុនជ័រតូចពណ៌ផ្កាឈូកចំនួន០១។ ៥.ទូរស័ព្ទដៃចំនួន០៣គ្រឿង។ ៦. ប្រាក់រៀលចំនួន៨៥០០០រៀល។ ៧.កាបូបដៃចំនួន០២ ពណ៌ខ្មៅនិងពណ៌សូកូឡា។ ៨.កូនកន្សែងដៃពណ៌លឿងចំនួន០១។ ៩.តុឈើទទឹង០,៧៣ម៉ែត្រ បណ្តោយ១,១១ម៉ែត្រ និងកំពស់០,៧៦ម៉ែត្រចំនួន០១។ ១០.កៅអីជ័រពណ៌ខៀវ ចំនួន០៣ ។

លោកអធិការងបញ្ចាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ បានចេញល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ក៏ប្រទះឃើញមុខសញ្ញាមួយក្រុម កំពុងលេងល្បែងស៊ីសង(អាប៉ោង) ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុកចុះធ្វើការចុះបង្រ្កាប ពេលឃើញកម្លាំងសមត្ថកិច្ច អ្នកលេងអាប៉ោងនាំគ្នារត់គេច ហើយសមត្ថកិច្ចបានតាមឃាត់មុខសញ្ញាដែលនៅសល់បានចំនួន០៤នាក់ រួមទាំងវត្ថុតាងដើម្បីយកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច អ្នកទាំង០៤បានសារភាពថា ពួកខ្លួនពិតជាបានលេងល្បែងស៊ីសង (អាប៉ោង)ពិតមែន ដោយមានមេម្នាក់មិនស្គាល់ឈ្មោះជាអ្នកបាញ់មេ នឹងឈ្មោះ កុច ម៉ាច បើកឱ្យចាក់លុយស៊ីសងធំត្រឹម៥០០០រៀលចុះក្រោម។ ចំណែកឈ្មោះ កុច ម៉ាច បានសារភាពថា ខ្លួនពិតជាបានលេងអាប៉ោងពិតមែន ដោយខ្លួនជាអ្នកបាញ់មេអាប៉ោងបានរយៈពេលជាងមួយខែមកហើយ ដោយបាញ់ដូរវេនគ្នាជាមួយមេអាប៉ោងម្នាក់ទៀតមិនស្គាល ឈ្មោះ ដោយចាប់ផ្កើមលេងពីម៉ោង១២:០០នាទី រហូតដល់អស់មនុស្សបានឈប់បាញ់ ជារៀងរាល់ថ្ងៃ។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនអ្នកទាំង៤បណ្តោះអាសន្ន និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត







