ភ្នំពេញ ៖ មានអតិថិជនធនាគារ ABA ជាបន្តបន្ទាប់បានទាក់ទងមកកាន់ CEN ស្នើសុំឱ្យជួយផ្សព្វផ្សាយលើករណីបាញ់លុយច្រឡំកុង (គណនី) ហើយនៅពេលទាក់ទងទៅខាងធនាគារ ABA ឱ្យជួយដោះស្រាយបង្កកសាច់ប្រាក់ និងនាំយកសាច់ប្រាក់នោះមកវិញ គឺត្រូវបានខាងធនាគារ ABA ទាមទារលុយថ្លៃសេវាប្រតិបត្តិការ បង្កកប្រាក់ ឬនាំយកលុយបាញច្រឡំកុងនោះមកវិញ រហូតមានតម្លៃដល់ទៅ ៥០ដុល្លារ ឯណោះ ដែលតម្លៃនេះវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជនខ្លាំងណាស់ ។
បានជាថា ប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជននោះ ព្រោះថា អតិថិជនរបស់ ធនាគារ ABA មិនមែនសុទ្ធតែជាអ្នកមានទាំងអស់នោះទេ ទើបប្រើប្រាស់ប្រព័ន្ធធនាគារមួយនេះ គឺមានគ្រប់ស្រទាប់វណ្ណៈ ដូចជា ប្រភេទអ្នកក្រ អ្នកមធ្យម អ្នកធូរធារ និងអ្នកមាន ។ល។ ប្រើប្រាស់ហិរញ្ញវត្ថុ សេវាបញ្ញើ ផ្ទេរ ដូរលុយ ទិញសម្ភារៈ បង់ថ្លៃសេវាផ្សេងៗ គឺប្រើប្រាស់ប្រព័ន្ធធនាគារ ABA ទាំងអស់ រឿងនេះប្រសិនបើអតិថិជនជាអ្នកមានវិញ វាមិនជាបញ្ហាអ្វីនោះទេសម្រាប់តម្លៃសេវាប្រតិបត្តិការបង្កកប្រាក់ ឬនាំយកប្រាក់ដែលបាញ់ច្រឡំកុងមកវិញ ត្រឹម ៥០ដុល្លារនោះ ប៉ុន្តែអតិថិជនដែលមានស្ថានភាពជីវភាពមធ្យមចុះក្រោម ក៏ច្រើនលើសលប់ផងដែរ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ABA ដូច្នេះតម្លៃ ៥០ដុល្លារ គឺវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជនខ្លាំងណាស់។
ខាងធនាគារ ABA បានបញ្ជាក់ថា ÷
- ខ្វូតសំឡេងសម្ភាសន៍…………។
មានការជជែកសួរដេញដោលគ្នាជុំវិញខាងធនាគារ ABA ទាមទារថ្លៃសេវា ៥០ដុល្លារ រឿងបាញ់លុយខុសកុង ឬច្រឡំកុងនេះ ថា បើដឹងថា គេយកថ្លៃសេវា ៥០ដុល្លារឡើង អ៊ីចឹងអតិថិជនអ្នកប្រើប្រាស់សូមមេត្តាប្រុងប្រយ័ត្នបន្តិចទៅ កុំចេះតែបាញ់លុយចេញពីកុងខ្លួនឯង ទៅកាន់កុងដៃគូផ្សេងៗ ធ្វេសប្រហែស ឬខ្ជីខ្ជាពេកនោះ គឺវាមិនអស់ថ្លៃចំណាយ ៥០ដុល្លារ នោះទេ។
ត្រង់ចំណុចនេះអតិថិជនជាច្រើនបានបកស្រាយថា រឿងច្រឡំនេះមួយ គ្មាននរណាម្នាក់អាចចៀសផុតនោះទេ ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច… ពេលខ្លះអារម្មណ៍មនុស្សអាចក្បត់នឹងបេះដូងខ្លួនឯង , ភ្នែកដែលមើលឃើញ ប៉ុន្តែទឹកចិត្តនៅខាងក្នុងអាចក្បត់នឹងអ្វីដែលយើងឃើញ , កាយវិការខ្លះក៏អាចក្បត់នឹងអារម្មណ៍ខ្លួនឯង ដូច្នេះលែងអីនឹងមានការចុចលេខគណនីដែលមាន ៩ ខ្ទង់នោះ អាចខុសមួយខ្ទង់ ឬពីរខ្ទង់ ឬក៏អាចចុចខុសបន្ទាត់ណាមួយដីតារាងគណនី, ដូច្នេះការបាញ់លុយច្រឡំកុង ឬខុសកុង វាចៀសមិនផុតនោះទ តម្លៃប្រតិបត្តិការបង្កកប្រាក់ និងនាំយកសាច់ប្រាក់មកជូនអ្នកច្រឡំកុងវិញ ឬម្ចាស់ដើមវិញ ៥០ដុល្លារនោះ គឺប៉ះពាល់ជីវភាពរបស់អតិថិជនពេកហើយ។
ជាក់ស្ដែង អតិថិជនខ្លះកំពុងជួបការលំបាកខ្លាំង ដើរខ្ចីលុយញាតិមិត្តទម្រាំបាន ១០០ដុល្លារ រួចហើយបាញ់ចេញពីគណនីខ្លួនឯង ទៅសងម្ចាស់បំណុលផ្សេងទៀត ស្រាប់តែច្រឡំកុង ឬខុសកុង ហើយត្រូវបានខាងធនាគារ ABA ទាមទារយកថ្លៃសេវាបង្កកប្រាក់ ឬនាំយកប្រាក់មកជូនម្ចាស់ដើមវិញ រហូតដល់ ៥០ដុល្លារ មានន័យថា កាត់យកលុយពីម្ចាស់ដើមអស់ ៥០ដុល្លារ តើគ្នាមានលុយឯណា ៥០ដុល្លារទៀត ដើម្បីបង្គ្រប់សងម្ចាស់បំណុល នេះហើយហៅថា ប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជន។
មានការជជែកដេញដោលទៀតថា បើដឹងថា អតិថិជនខ្លួនឯងមានស្ថានភាពជីវភាពខ្វះខាត លំបាក តើចាំបាច់បើកគណនី ឬប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុធនាគារធ្វើអ្វី? ចម្លើយបកស្រាយថា យើងមិនអាចនិយាយបែបនេះបានទេ ព្រោះសម័យកាលសង្គមបក្ចេកវិទ្យាឌីជីថលទៅហើយ មនុស្សភាគច្រើនណាស់ដែលត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការងារនៅតាមការិយាល័យ កិច្ចការរដ្ឋបាល អាជីវកម្ម ជំនួញជួញដូរ ការបញ្ជូនលិខិតស្នាម ការផ្ទេរផ្ទូរសាច់ប្រាក់ បង់ប្រាក់ថ្លៃទិញសម្ភារៈ បង់ថ្លៃសេវាផ្សេងៗ គឺសុទ្ធតែប្រើបច្ចេកវិទ្យាឌីជីថលទាំងអស់ ហើយក្នុងនោះ ប្រព័ន្ធប្រតិបត្តិការធនាគារក៏មាន App នៅក្នុងប្រព័ន្ធឌីជីថលផងដែរ។
ម្យ៉ាង រាជរដ្ឋាភិបាល ក៏ដូចជាសង្គមសាស្ត្រ គឺបានរុញច្រានប្រជាពលរដ្ឋឱ្យឈានទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទៅហើយ ដូច្នេះ តើនរណាមួយដែលមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល? ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្នែកធនាគារនេះទៀតសោត ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមទីក្រុង ទីប្រជុំជន ដូច្នេះសូមកុំប្រើពាក្យថា បើដឹងខ្លួនឯងខ្វះខាត ក្រលំបាក ចាំបាច់អីប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុធនាគារធ្វើអី? ពាក្យនេះ មិនត្រឹមត្រូវទេ ព្រោះថា សម័យកាលនេះ ជាសង្គមឌីជីថលទៅហើយ។
ងាកមកពិនិត្យមើលការទាមទារថ្លៃសេវា ៥០ដុល្លារ សម្រាប់អតិថិជនបាញ់លុយច្រឡំកុង ឬខុសកុងវិញ គឺវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជនខ្លាំងណាស់ អ៊ីចឹងហើយ ទើបតិថិជនជាច្រើនបានសំណូមពរឱ្យខាងធនាគារ ABA គិតគូរជួយបន្ថយតម្លៃសេវាឱ្យតិចជាងនេះ ដូចជា នៅត្រឹម ១០ដុល្លារ គឺសមរម្យណាស់ហើយ។ ចំណែកពេលវេលាប្រតិបត្តិការដកយកលុយដែលបាញ់ច្រឡំកុងនោះមកជូនម្ចាស់ដើមវិញ ចាប់ពី ៣០ថ្ងៃ ទៅ ៤៥ថ្ងៃ ត្រូវបានចាត់ទុកថា ជាពេលវេលាមួយយូរគ្រាន់បើដែរ ដែលនេះវាប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ព្រោះគេត្រូវការលុយប្រញាប់ដើម្បីបង្វិលទៅលើកិច្ចការផ្សេងៗ ឬប្រើប្រាស់កិច្ចការបន្ទាន់ណាមួយ មិនអាចនៅរង់ចាំយូរបែបនេះទេ៕ ពិសិដ្ឋ CEN