Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ការបង្កើនអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ជាតម្រូវការចាំបាច់ ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានប្រកាសដាក់ដំណើរការជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ និងការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនេះ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។

ការដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ បង្កើតឡើងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ព្រមទាំងស្វ័យប្រវត្តិកម្ម ដែលបង្ហាញតួនាទីកាន់តែសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងអភិបាលកិច្ច។

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីសាវតារនៃការបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program” (DSDP) ក្នុងកម្មវត្ថុចម្បងចំនួន៣ ដែលរួមមាន៖ (១) ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។

ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ក្នុងនាមជាតំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦របស់ ក.ប.ទ. ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញារបស់គ្រឹះស្ថានឧត្តមសិក្សាដៃគូ ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួង បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

និន្នាការទៅមុខ កម្ពុជាផ្តោតជាចម្បងលើការជំរុញឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងប្រជាជនឌីជីថល ដើម្បីបង្កើតផលិតភាពនិងកសាងភាពធន់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ក៏នឹងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏ដូចជាចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ លើកកម្ពស់ស្តង់ដាការអប់រំលើជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល៕

×