ភ្នំពេញ៖ កម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនកើនឡើង បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៣.៥ លាននាក់ កើនឡើង ២៥០.៨ ភាគរយ ប៉ុន្តែថយចុះ ១៩.៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំនួនភ្ញៀវបរទេសចំនួន ១.២ លាននាក់ បានធ្វើដំណើរតាមផ្លូវអាកាស កើនឡើង ២០៦.១ ភាគរយ និង ២.២៨ លាននាក់ បានធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដោយចំនួនភ្ញៀវទេសចរបរទេសភាគច្រើន បានធ្វើដំណើរចូលមកទស្សនាកម្សាន្តប្រទេសកម្ពុជា ពីប្រទេសជិតខាង។
ជាមួយគ្នានេះ ប្រទេសកម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ៤លាន ៥ សែននាក់ នៅចុងឆ្នាំ២០២៣នេះ កើនឡើងពី ២.២៧ លាននាក់ កាលពីឆ្នាំ២០២២។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា មានភាពល្បីល្បាញតាមរយៈបេតិកភណ្ឌវប្បធម៌ពិភពលោក មានដូចជា៖ ឧទ្យានបុរាណវត្ថុអង្គរ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទសំបូរព្រៃគុកក្នុង។ លើសពីនេះ កម្ពុជាមានឆ្នេរសមុទ្រសស្អាត ប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួនបួនគឺ ព្រះសីហនុ កំពត កែប និងកោះកុង៕