មនុស្សយ៉ាងហោចណាស់ ៣ នាក់ បានស្លាប់ និង ៥នាក់ ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅមជ្ឈមណ្ឌលលក់ទំនិញលំដាប់ខ្ពស់ Siam Paragon ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោងប្រហែល ៤ និង ២០ នាទី ល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្នូរកាំភ្លើងបានចេញពីបន្ទប់ទឹកនៅជាន់ផ្ទាល់ដី។ ក្រោយហេតុការណ៍បានកើតឡើងភ្លាមៗ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យអាយុ ១៤ ឆ្នាំ ម្នាក់ ដែលទទួលខុសត្រូវក្នុងការបាញ់ប្រហារដ៏សាហាវនេះ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនេះ ហើយក៏បានចូលរួមជាមួយកងកម្លាំងប៉ូលិស ដើម្បីស៊ើបអង្កេត និងតាមដានស្ថានការណ៍នៅ Siam Paragon ។
រូបភាពនៅលើបណ្តាញសង្គម បង្ហាញពីមនុស្សរាប់រយនាក់ បានរត់ចាកចេញពីមជ្ឈមណ្ឌលផ្សារទំនើប Siam Paragon ទាំងភិតភ័យយ៉ាងខ្លាំង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសថៃបានទៅដល់មជ្ឈមណ្ឌលផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីការបាញ់ប្រហារនៅទីនេះ។ ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ថៃបាននិយាយថា មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ។ ជាមួយគ្នានេះ កាសែត Thairath ក៏បានធ្វើបច្ចុប្បន្នភាពថា មនុស្សជាច្រើនបានជាប់នៅខាងក្នុងផ្សារទំនើប ហើយប៉ូលីសបានប្រកាសថា ពួកគេបានចាប់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់ប្រហារនៅម៉ោងប្រហែល ៥ និង ០៩ នាទីល្ងាច (ម៉ោងក្នុងស្រុក)។
Siam Paragon គឺជាតំបន់ដើរទិញឥវ៉ាន់ឈានមុខគេមួយនៅកណ្តាលទីក្រុងថៃដ៏ធំនេះ ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
ឧបទ្ទវហេតុនេះបានកើតឡើង ទើបតែប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃការបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលអតីតមន្ត្រីប៉ូលិសម្នាក់ បានវាយប្រហារដោយកាំភ្លើង និងកាំបិតនៅសាលាមត្តេយ្យ ដោយបានសម្លាប់កុមារ ២៤ នាក់ និងមនុស្សពេញវ័យ១២នាក់។
ប្រទេសថៃ មានអត្រាអ្នកកាន់កាប់កាំភ្លើងខ្ពស់ ហើយមានករណីបាញ់ប្រហារជាច្រើនទាំងទ្រង់ទ្រាយតូច និងធំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង