រាជធានីបាងកក៖ ក្មេងជំទង់ម្នាក់ មានឪពុកម្ដាយជាសាស្រ្ដាចារ្យ បានយកកាំភ្លើង បាញ់រះ ចូលទៅនៅក្នុងផ្សារទំនើប Siam Paragon (សៀមផារ៉ាហ្គន) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និង រងរបួសជាច្រើននាក់ កាលពីវេលាម៉ោងប្រហែលជាង៤ល្ងាច ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៣ ខែតុលា ដោយដកស្រង់ប្រភពពីប៉ូលិសថៃ ថា ជនសង័្សយម្នាក់ អាយុ១៤ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយការបាញ់រះចូលទៅក្នុងផ្សារទំនើប បណ្ដាលឲ្យស្រ្ដី២នាក់បាត់បង់ជីវិត ហើយក្នុងចំណោមស្រ្ដីរងគ្រោះទាំងនេះ មានម្នាក់ ជាជនជាតិចិន និង ម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា ឬ ភូមា។

ក្រៅពីមានអ្នកស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុងផ្សារទំនើប Siam Paragon ដែលជាផ្សារទំនើបដ៏ល្បីបំផុតរបស់ទីក្រុង និង ជាកន្លែងមានអ្នកទស្សនាច្រើនបំផុត នៅអាស៊ីនោះ ក៏មានមនុស្សចំនួន៥នាក់ផ្សេងទៀត រងរបួស ហើយក្នុងនោះមានជនជាតិឡាវម្នាក់ ចិនម្នាក់ និង ថៃ៣នាក់ ផងដែរ។
បើតាមលោកឧត្ដមសេនីយ៍ ថរសាក់ សុខវីមល (Torsak Sukvimol) អគ្គស្នងការប៉ូលិសជាតិថៃ បានឲ្យដឹង ថា យុវជនរូបនេះ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាល Pathumwan (ផាធូមម៉ាន់) ដើម្បីសួរចម្លើយ។ ប៉ុន្តែអារម្មរណ៍របស់គេ កំពុងតែស្ថិតក្នុងស្ថានភាពច្របូកច្របល់ ដោយសារតែគេនិយាយ ថា គេបានឮសំឡេង ប្រាប់គេឲ្យបាញ់មនុស្ស។

ជនសង័្សយរូបនេះ ធ្លាប់ទទួលការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត កាលពីអតីតកាល នៅមន្ទីរពេទ្យរេចាវីធី (Rajavithi) ។ ប៉ុន្តែលោកឧត្ដមសេនីយ៍ ថរសាក់ សុខវីមល អគ្គស្នងការប៉ូលិសជាតិថៃ បានអះអាង ថា គាត់មិនចង់និយាយលម្អិតបន្ថែមទៀតទេ ដោយសារតែជនសង្ស័យ ជាអនីតិជន។
លោកអគ្គស្នងការប៉ូលិសជាតិថៃ បានបញ្ជាក់ ថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទវហេតុនេះ។ ប៉ុន្ដែរបាយការណ៍មុននេះ បានអះអាងអំពីចំនួនអ្នកស្លាប់ កើនឡើងដល់៣នាក់ រួមមាន ស្ត្រីជនជាតិចិនម្នាក់ អាយុ៣៤ឆ្នាំ បានស្លាប់នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលលក់ទំនិញ និង ស្រ្ដីម្នាក់ទៀត មកពីប្រទេសមីយ៉ាន់ម៉ា បានរងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូលទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យប៉ូលិសអគ្គ (Police General)។ ដោយឡែកអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអនុស្សាវរីយ៍ស្ដេចចូឡាឡុងកន (King Chulalongkorn Memorial)។ រីឯស្ត្រីម្នាក់ ត្រូវបានគេបាញ់ចំក្បាល ហើយស្ថានភាពរបួសរបស់នាង ត្រូវបានគេចាត់ទុក មានសភាពធ្ងន់ធ្ងរ។ ចំណែកបុរស២នាក់ទៀត ជាជនជាតិថៃ និង ស្ត្រីជនជាតិចិនម្នាក់ រងរបួសតិចតួច។
ដោយឡែក ផ្សារនេះបិទទ្វារ ប៉ុន្តែក៏មានមនុស្សជាច្រើន នៅខាងក្នុង ដោយភាគច្រើន ជាមន្រ្ដីប៉ូលិស និង អ្នកកាសែត។

លោក ចាដា ថៃសេត (Chada Thaiset) អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នដឹកនាំការបង្រ្កាបដ៏ល្បី លើឥស្សរជនដ៏មានឥទ្ធិពល បានធ្វើដំណើរទៅដល់កន្លែង ដែលជនសង្ស័យកំពុងតែត្រូវបានឃុំខ្លួន ហើយបានចាប់ផ្តើមសួរចម្លើយគេ នៅនឹងមុខកាមេរ៉ា។
លោកឧត្តមសេនីយ៍ អគ្គស្នងការប៉ូលិសជាតិថៃ បានព្រមានជាបន្តបន្ទាប់ ថា ជនសង្ស័យ មានសិទ្ធិមួយចំនួន នៅក្នុងនាមជាអនីតិជន ហើយក្នុងចំណោមពួកគេ មានសិទ្ធិសាកសួរ នៅចំពោះមុខទីប្រឹក្សា។
ជនសង្ស័យ ត្រូវបានគេរាយការណ៍ ថា ជាសិស្ស នៃសាលារៀនឯកជនមួយ ស្ថិតក្នុងទីក្រុងបាងកក ហើយមានឪពុកម្តាយ ជាសាស្ត្រាចារ្យ។ នៅពេលប៉ូលិសឆែកឆេរបន្ទប់របស់ក្មេងជំទង់នោះ នៅក្នុងផ្ទះរបស់គេ រកឃើញគ្រាប់រំសេវ ជាច្រើនគ្រាប់៕ រក្សាសិទ្ធដោយ៖សារាយSN






















