សិង្ហបុរី៖ ប្រទេសសិង្ហបុរី ក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតមួយរបស់ប្រជាជន មកពីជុំវិញពិភលោក ហើយស្របគ្នានេះ ក្រុមជនទុច្ចរិត ក៏កំពុងតែសម្លឹងមើល និង ចាត់ទុកជាឋានសួគ៌របស់ពួកគេ ប៉ុន្ដែអ្វីៗដែលពួកគេគិត ពិតជាខុស ព្រោះ ឥឡូវ ប្រទេសអាស៊ានមួយនេះ កំពុងតែបើកប្រតិបត្ដិការទ្រង់ទ្រាយធំបំផុត ប្រឆាំងនឹងការលាងលុយកខ្វក់ ក្រោយការចាប់ខ្លួនជនបរទេស ចំនួន១០នាក់ និង រឹបអូសទ្រព្យសម្បត្ដិ មានតម្លៃជាង២,៨ពាន់លានដុល្លារ។

គេហទំព័របស់បណ្ដាញទូរទស្សន៍ Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែតុលា ថា លោកស្រី ចូសេហ្វីន តេវ (Josephine Teo) រដ្ឋមន្រ្ដីទី២ ទទួលបន្ទុកកិច្ចការមាតុភូមិ បានប្រាប់ដល់សភាសិង្ហបុរី កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) ថា ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមក ប៉ូលិសសិង្ហបុរី បានធ្វើការងារជាសម្ងាត់លើព័ត៌មានជំនួយ ទាក់ទងនឹងសកម្មភាពគួរឱ្យសង្ស័យជាច្រើន។ បន្ទាប់មក ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេត ជាសម្ងាត់យ៉ាងទូលំទូលាយមួយ ទៅលើករណីលាងលុយកខ្វក់ ឆ្លងដែនដ៏ធំ មកពីជុំវិញពិភពលោក ហើយមានតម្លៃ រាប់ពាន់លានដុល្លារអាមេរិក។

លោកស្រី រដ្ឋមន្រ្ដី បានបញ្ជាក់ ថា ការងារដំបូង ត្រឹមតែរក្សាទុកឱ្យមន្ត្រីមួយកូនក្រុមតូចមួយ ព្រោះតែការចៀសវាង ការបែកការ លេចធ្លាយដំណឹងនេះ ទៅដល់ក្រុមជនទុច្ចរិត។ ប៉ុន្ដែអ្វីដែលជាគោលបំណងដ៏សំខាន់របស់មន្ត្រី ត្រូវតែស៊ើបអង្កេតឱ្យបានទូលំទូលាយ និង បង្កើតរូបភាពឱ្យបានពេញលេញ តាមអ្វីដែលអាចធ្វើទៅបាន នៅមុនពេលធ្វើសកម្មភាពណាមួយ ត្រូវបានបង្ក្រាប។
លោកស្រី ចូសេហ្វីន តេវ បាននបញ្ជាក់ នៅចំពោះរដ្ឋសភា នៅក្នុងការធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងសកម្មភាពលាងលុយនេះ ថា ការស៊ើបអង្កេតយ៉ាងសម្ងាត់នេះ នៅទីបំផុត បានឈានដល់ការបង្ក្រាប និង ចាប់ខ្លួនជនបរទេស ចំនួន១០នាក់ នៅក្នុងការវាយឆ្មក់បង្ក្រាប នៅក្នុងពេលតែមួយ នៅទូទាំងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោកស្រី រដ្ឋមន្រ្ដី បានបន្ថែម ថា ចាប់តាំងពីការឆ្មក់បង្ក្រាបនូវការលាងលុយ រហូតមកដល់ពេលនេះ កំពុងតែធ្វើឲ្យល្បីល្បាញជាលើកដំបូងមក ជុំវិញតម្លៃទ្រព្យសម្បត្តិ ដែលបានរឹបអូស ឬ បង្កកទុក រហូតដល់ជាង ២,៨ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹងប្រហែល ២,០៣ពាន់លានដុល្លារអាមេរិក)។ បច្ចុប្បន្ន សកម្មភាពបែបនេះ ក្លាយជាប្រតិបត្តិការទ្រង់ទ្រាយធំ ប្រឆាំងនឹងការលាងលុយដ៏ធំបំផុតមួយ មិនត្រឹមតែ នៅក្នុងប្រទេសសិង្ហបុរី ប៉ុណ្ណោះទេ ប៉ុន្តែវាទំនងក្លាយជាប្រតិបត្ដិការបង្ក្រាបការលាងលុយកខ្វក់ដ៏ធំបំផុត នៅលើពិភពលោក ផងដែរ។
ករណីបង្ក្រាបការលាងលុយកខ្វក់នេះ បានបង្កឱ្យមានសំណួរមួយចំនួនលើកឡើង អំពីប្រសិទ្ធភាព នៃវិធានការដែលមានស្រាប់របស់ប្រទេសសិង្ហបុរី នៅក្នុងការរកឃើញ ហើយប្រឆាំងនឹងការលាងលុយកខ្វក់ ថាតើត្រូវការវិធានការបន្ថែមបែបណា ដើម្បីទប់ស្កាត់នូវសកម្មភាពខុសច្បាប់បែបនេះ នៅទីនេះដែរឬទេ
លោកស្រី តេវ ស្ថិតក្នុងចំណោមរដ្ឋមន្ត្រី៣រូប ដែលបានថ្លែងសុន្ទរកថាថ្នាក់រដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ស្ដីអំពីរបបប្រឆាំងការលាងលុយកខ្វក់របស់សិង្ហបុរី៕ រក្សាសិទ្ធដោយ ៖សារាយSN


















