រុស្ស៉ី ៖ បើតាម កាសែតរុស្ស៉ី Kommersant បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ប្រហែលជានឹងប្រកាសថា រូបលោកនឹងចូលរួមឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ខាងមុខនេះទៀត ដើម្បីត្រួសត្រាយផ្លូវឱ្យ លោក អាចនៅបន្តកាន់អំណាចទៅមុខទៀត រហូតដល់ឆ្នាំ២០៣០។

ប្រភពសុំមិនបញ្ចេញអត្តសញ្ញាណ ដែលដកស្រង់ដោយកាសែត Kommersant បាននិយាយថា សន្និសីទមួយនឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកាឆ្នាំនេះ ក្រុមមន្រ្តីរុស្ស៉ីសង្ស័យថា លោក ពូទីន ប្រហែលនឹងប្រកាសជាផ្លូវការអំពីការចូលរួមរបស់លោកជាបេក្ខភាពប្រធានាធិបតី នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រុស្ស៊ី ដែលត្រូវប្រព្រឹត្តទៅនាខែមីនា ឆ្នាំក្រោយ។ យ៉ាងណាមិញ បើតាម Kommersant អាចមានសេណារីយ៉ូផ្សេងទៀត សម្រាប់អ្វីដែលលោក ពូទីន អាចនឹងធ្វើអំឡុងសន្និសីទនោះ ហើយការសម្រេចចុងក្រោយ គឺស្ថិតលើលោកប្រធានាធិបតីរុស្ស៉ីទាំងស្រុង។

ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ព័ត៌មាននេះ វិមានក្រឹមឡាំងមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយអ្វីនៅឡើយទេ។ លោក ពូទីន ត្រូវបានគេដឹងថា បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៉ីដំបូង ក្រោយការលាលែងពីតំណែងរបស់លោក បូរីស យេតស៉ីន (Boris Yeltsin) កាលពីចុងឆ្នាំ១៩៩៩ គឺជាមេដឹកនាំរុស្ស៉ីកាន់អំណាចបានយូរបំផុត គិតចាប់តាំងពីសម័យលោក ចូសេហ្វ ស្តាលីន (Josef Stalin) មក។
លោក ពូទីន នឹងឈានដល់វ័យ៧១ឆ្នាំ នៅថ្ងៃទី៧ ខែតុលា, ហើយស្របពេលនេះក្រុមអ្នកការទូត ចារបុរស និងមន្រ្តីបរទេស ជាច្រើនរំពឹងថា លោក ពូទីន នឹងនៅបន្តកាន់អំណាចពេញមួយជីវិត, គ្រាន់តែថា មកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយ អំពីផែនការ របស់លោកពូទីន ក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ឆ្នាំ២០២៤នៅឡើយប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN










