បន្ទាប់ពីការពិភាក្សាអស់រយៈពេលមួយសប្តាហ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា តុលាការប្រជាជនខេត្ត Binh Phuoc (វៀតណាម) បានសម្រេចប្រកាសកាត់ទោសប្រហារជីវិតជនជាប់ចោទចំនួន ៣ នាក់ ដែលមានឈ្មោះ ង្វៀន ង៉ុកហៃ អាយុ ២៩ ឆ្នាំ, ដាង ង៉ុកគ្វី អាយុ ២៤ ឆ្នាំ អ្នកទាំងពីរស់នៅឃុំ Binh Long ខេត្ត Binh Phuoc និងម្នាក់ទៀត៣ឈ្មោះ ស្បូវ ព្រឿន អាយុ ៣៩ ឆ្នាំ (ជនជាតិខ្មែរ រស់នៅក្នុងខេត្តត្បូងឃ្មុំ) ដែលបានប្រព្រឹត្តបទល្មើស «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន»។ ដោយឡែកជនជាប់ចោទ ង្វៀន ង៉ុកហៃ ក៏ត្រូវបានកាត់ទោសពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន” និង “កាន់កាប់អាវុធយោធាដោយខុសច្បាប់”។
យោងតាមប្រភពព័ត៌មានរបស់វៀតណាម baoquangninh បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលម៉ោង ៤ និង ៣០នាទីរសៀល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញវៀតណាម បានចុះត្រួតពិនិត្យលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងសង្កាត់ Xa Cam 1 សង្កាត់ Hung Chien ក្រុង Binh Long ខេត្ត Binh និងដោយមានការសង្ស័យ បានធ្វើការចាប់បានរថយន្ត Xpander ពណ៌ក្រហម ពាក់ស្លាកលេខ BKS: 93A-172.44 ធ្វើដំណើរពីទីរួមខេត្ត Binh Long ទៅកាន់ទីក្រុងហូជីមិញ ដែលបានដឹកជញ្ជូនប៊ីដុងរចំនួន ៣ មានផ្ទុកនូវសារធាតុញៀនជាច្រើនកញ្ចប់ មានទម្ងន់សរុបជាង ៣០ គីឡូក្រាម។
ក្នុងអំឡុងពេលស៊ើបអង្កេត នាយកដ្ឋានប៉ូលីសស៊ើបអង្កេតបានកំណត់ថា ជនជាប់ចោទទាំងបីដែលមានឈ្មោះ ស្បូវ ព្រឿន, ង្វៀន ង៉ុកហៃ និង ដាង ង៉ុកគ្វី បានរៀបចំផែនការដើម្បីរត់ពន្ធគ្រឿងញៀនខាងលើពីព្រំដែន ចូលខេត្ត Binh Phuoc ហើយកំពុងធ្វើដំណើរនៅតាមផ្លូវទៅទីក្រុងហូជីមិញ ក៏ត្រូវបានគេរកឃើញ និងចាប់ខ្លួនតែម្តង។
ប្រាក់ឈ្នួលសម្រាប់ដឹកជញ្ជូនគ្រឿងញៀនគឺ ២០០ដុល្លារ/គីឡូក្រាម ក្នុងនោះឈ្មោះ ស្បូវ ព្រឿន ទទួលបាន ៥០ដុល្លារ/គីឡូក្រាមគ្រឿងញៀន, ឈ្មោះ ង្វៀន ង៉ុកហៃ ទទួលបា ១៥០ដុល្លារ/គីឡូក្រាម និង ដាង ង៉ុកគ្វី ទទួលបាន ១៥ លានដុង (ស្មើ ៦០០ ដុល្លារ) សម្រាប់ការដឹកជញ្ជូន ២ ជើង។
បន្ថែមពីលើនេះ ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលីស ក៏បានបញ្ជាក់ផងដែរថា ជនល្មើស ង្វៀង ង៉ុកហៃ មានថ្នាំញៀនចំនួន ៩៩៦,៥ ក្រាម និងកាំភ្លើងយោធា ១ ដើម។
ជនជាប់ចោទទាំងបីក៏បានសារភាពថា កន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ពួកគេបានដឹកជញ្ជូនគ្រឿងញៀនចំនួន២លើក ឆ្លងដែនដោយជោគជ័យ ទៅកាន់ខេត្ត Binh Phuoc ហើយបញ្ជូនទៅទីក្រុងហូជីមិញ។ បរិមាណគ្រឿងញៀនរួមមាន ប៊ីដុងចំណុះ២០លីត្រ ចំនួន៤ និងប៊ីដុងចំណុះ១០លីត្រចំនួន១ និងថង់ប្លាស្ទីកចំនួន១ ដឹងដឹងទម្ងន់។
នៅក្នុងសវនាការជនជាប់ចោទទាំងអស់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសនេះប្រាកដមែន។ គណៈវិនិច្ឆ័យបានកាត់ទោសប្រហារជីវិត ង្វៀន ង៉ុកហៃ ពីបទ “ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន” ផ្តន្ទាទោសមួយជីវិតពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន” និងដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធយោធា” ខណៈឈ្មោះ ស្បូវ ព្រឿន និង ដាង ង៉ុកគ្វី ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពីបទ “ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង