ករណីបាញ់ប្រហារនៅ Siam Paragon ជាលទ្ធផលផ្លូវការបានបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៥ នាក់រងរបួស។ ក្នុងនោះ ជនរងគ្រោះជាស្ត្រីជនជាតិចិនម្នាក់ ដែលបានចូលបន្ទប់ទឹក ហើយប្រទះនឹងជនដៃដល់ ដែលកំពុងចេញពីបន្ទប់ទឹក និងម្នាក់ទៀតជនជាតិភូមា ជាបុគ្គលិកនៃហាងល្បីមួយ ដែលចូលទៅដាក់ប្រាក់នៅក្នុងធនាគារ។
តែអ្វីដែលគួរឲ្យរន្ធត់ចិត្ត និងអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នារីម្នាក់ដែលជាអ្នកស្ថិតក្នុងព្រឹត្តិការណ៍នេះ បានចេញមកប្រាប់តាមបណ្តាញសង្គម ខណៈពេលដែលនាងត្រូវជួយក្មេងស្រីភ្លោះពីរនាក់ ដែលបានបែកពីម្ដាយជាជនជាតិចិន ខណៈពួកគេមកលេងផ្សារ។
នាងបាននិយាយថា ខណៈពេលដែលនាងក៏កំពុងរត់គេចពីសេចក្តីស្លាប់នៅក្នុងហាងលក់ទំនិញមួយ នាងបានជួបកូនស្រីជនជាតិចិនពីរនាក់ បានសុំនាងជួយរកម្តាយ ដោយមិនដឹងថាម្តាយរបស់ពួកគេត្រូវបានបាញ់សម្លាប់នោះទេ។ ពេលនោះ នាងបានជួយស្វែងរកម្ដាយរបស់ពួកគេគ្រប់មធ្យោបាយ ទោះបីជាថ្មទូស័ព្ទរបស់នាងនៅសល់ 1% ក៏ដោយ។
នាងបន្តថា ខណៈពេលនោះ កូនស្រីពីរនាក់ចេះតែសួរថា «តើម្តាយពួកខ្ញុំស្លាប់ឬ?» ប្រឈមនឹងសំណួរនេះ នាងបានលួងចិត្តពួកគេជាមុនសិន ដោយនិយាយថា ម៉ាក់គ្រាន់តែរបួសទេ ពួកគេនឹងបានជួបម្តាយឆាប់ៗនេះ។ តែរហូតដល់ពេលនាំក្មេងស្រីទាំងពីរមកជួបប៉ូលិស ទើបបានដឹងថា ម្តាយរបស់ពួកគេបានស្លាប់បាត់ទៅហើយ។
ពេលឮបែបនេះ ពួកគេបានទ្រហ៊ោយំភ្លាមៗ ហេតុអ្វីបានជាពួកគេត្រូវជួបរឿងបែបនេះ?។ ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ដែលបានអានរឿងនេះហើយ បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងមានការសោកស្ដាយ ព្រមទាំងអាណិតអាសូរដល់ក្មេងស្រីជនជាតិចិនទាំងពីរយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ពួកគេបានធ្វើដំណើរទៅក្រៅប្រទេសជាមួយម្ដាយ តែបែរជាត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ ដោយហេតុការណ៍នឹកស្មានមិនដល់បែបនេះទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង