រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតសូមជម្រាបជូនក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែលមានការពាក់ព័ន្ធ ក្នុងកម្មវត្ថុ ៖ ព្រមានឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។

យោង ៖ – ច្បាប់ស្តីពីរបបសារព័ត៌មាន
- អនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងព័ត៌មាន
- អនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដ្ឋានរដ្ឋបាល សោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន
- កិច្ចសន្យាដែលមានតម្កល់នៅក្រសួងព័ត៌មាន
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើឯកឧត្តម នេត្រ ភក្រ្តា សូមជម្រាបជូន លោក លោកស្រី ជ្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។
ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្ដាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានដទៃទៀតនៅកម្ពុជា។

ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ ៖
១. អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដោយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និង ក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន
អ្នកសារព័ត៌មានទាំងនោះ នឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូស់មិនព្រមចូលខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។
២. ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឱ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នក សារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូលខ្លួនមករាយការណ៍នៅអគ្គនាយកដា្ឋនព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុបអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៣ . ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដោយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្តល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្ដល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ជូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងព័ត៌មាន សូមបញ្ជាក់សាជាថ្មីថា ការប្រកាសនេះធ្វើជាសាធារណៈ និងក្នុងករណីរឹងរូសមិនរាងចាល ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


