សិង្ហបុរី៖ នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសសិង្ហបុរី បាន និង កំពុងតែបើកប្រតិបត្ដិការយ៉ាងក្ដៅគគុក បង្រ្កាបករណីលាងលុយខ្មៅដ៏ធំបំផុត នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយក៏អាចចាត់ទុក ជាយុទ្ធការបង្ក្រាបលើជនទុច្ចរិតលាងលុយកខ្វក់ដ៏ធំបំផុត នៅលើពិភពលោក ស្របពេលអាជ្ញាធររបស់ប្រទេសនេះ បានរឹបអូសអចលនទ្រព្យ, លុយសុទ្ធ រាប់ពាន់លានដុល្លារអាមេរិក, មាស ចំនួន៦៨ដុំ និង វត្ថុតាងយ៉ាងច្រើន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែតុលា ថា តម្លៃទ្រព្យសម្បត្តិ អចលនទ្រព្យ និង សាច់ប្រាក់ ត្រូវរឹបអូសបាន នៅក្នុងសំណុំរឿងលាងលុយកខ្វក់ រាប់ពាន់លានដុល្លារនេះ បានកើនឡើង ជិតបីដង ចាប់តាំងពីការស៊ើបអង្កេត ត្រូវបានប្រកាស នៅក្នុងខែសីហា ឆ្នាំ២០២៣ រហូតមក។ សកម្មភាពដ៏ក្ដៅគគុកនេះ បានកើតឡើង ក្រោយការចាប់ខ្លួនជនសង័្សយពាក់ព័ន្ធ ចំនួន១០នាក់ កាលពីខែមុននោះមក។
ស្របពេលការស៊ើបអង្កេតលើការលាងលុយខ្មៅ រាប់ពាន់លានដុល្លារ នៅតែបន្ត តម្លៃទ្រព្យសម្បត្តិ និង សាច់ប្រាក់ពាក់ព័ន្ធ ក៏នឹងនៅតែបន្តកើនឡើង។ រីឯប៉ូលិស ក៏បានផ្សព្វផ្សាយ អំពីករណីលាងលុយនេះ ជាសាធារណៈ ចាប់តាំងពីពាក់កណ្តាល ខែសីហា ហើយប៉ូលិស បានប៉ាន់ប្រមាណ ថា មានជាប់ពាក់ព័ន្ធ រហូតដល់ ១ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង ៧៣០លានដុល្លារអាមេរិក។

ស្របពេលមានបទបញ្ជារឹបអូសអចលនទ្រព្យ ចំនួន៩៤ និង យានយន្តចំនួន៥០គ្រឿងនោះ ប៉ូលិសក៏រឹបអូសលុយបាន ជាង ១១០ លានដុល្លារសិង្ហបុរី មកពីគណនីធនាគារ ជាង ៣៥ ហើយសាច់ប្រាក់ ជាង២៣លានដុល្លារសិង្ហបុរី, គ្រឿងអលង្ការជាង២៧០ ព្រមទាំងកាបូបប្រណីត ចំនួន២៥០ និង នាឡិកាជាច្រើនគ្រឿង។
លោកស្រី ចូសេហ៊្វីន តេវ (Josephine Teo) រដ្ឋមន្រ្ដីទី២ ទទួលបន្ទុកកិច្ចការមាតុភូមិ បានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) ជូនរដ្ឋសភា ថា ទ្រព្យសម្បត្តិ ជាង២,៨ពាន់លានដុល្លារសិង្ហបុរី ឬ ស្មើនឹងប្រហែល ២,០៣ពាន់លានដុល្លារអាមេរិក ត្រូវរឹបអូសបាន នៅក្នុងការករណីបង្ក្រាបលើការលាងលុយខ្មៅ។
អចលនទ្រព្យ សរុប១៥២ ត្រូវបានហាមឃាត់ លើការបញ្ជាទិញលក់ ហើយក្នុងនោះមានចំនួន៩៤ ជាអចលនទ្រព្យលំនៅឋាន រួមមាន ៦០ ល្វែង លក់បន្ត ដែលបានបញ្ចប់ និង ចំនួន៣៤ ល្វែងមិនទាន់បានលក់ដោយផ្ទាល់ ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ជូនទៅកាន់រដ្ឋសភា កាលពីថ្ងៃអង្គារ (ទី៣ តុលា ឆ្នាំ២០២៣) បានឲ្យដឹង ថា លុយជាង ១,៤៥ពាន់លានដុល្លារ ត្រូវរឹបអូសចេញពីគណនីធនាគារជាច្រើន។ ក្រៅពីនេះ លុយសុទ្ធក៏ត្រូវបានរឹបអូសផងដែរ រួមទាំងលុយបរទេស មានជាង៧៨លានដុល្លារ និង លុយគ្រីបតូ (Cryptocurrencies) មានតម្លៃ ៣៨លានដុល្លារ។ បន្ថែមពីលើនេះ អាជ្ញាធរសិង្ហបុរី ក៏រឹបអូសបានមាសចំនួន៦៨ដុំ និង គ្រឿងអលង្ការ ចំនួន ៥៤៦ ហើយរថយន្ដរាប់សិបគ្រឿង និង វត្ថុតាងពាក់ព័ន្ធជាច្រើនទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN












