រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក ស្រេតថា ថាវីស៊ីន បានស្នើដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាស៊ានមួយនេះ គួរតែពន្យារពេល ចំពោះផែនការទិញគ្រឿងសព្វាវុធ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាល អាចមានលទ្ធភាព យកថវិកាជាតិទាំងនោះ ចំណាយលើការជួយសង្គ្រោះដល់អ្នកត្រូវការជំនួយបំផុត។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ ថា បើប្រភពព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចការនេះ បានប្រាប់ដល់ Bangkok Post កាលពីថ្ងៃអង្គារចន្ទ (ទី២ ខែកញ្ញា) ថា លោកនាយករដ្ឋមន្រ្ដី ស្រេតថា ថាវីស៊ីន បានណែនាំដល់លោក ស៊ូទីន គ្លុនសាង (Sutin Klunsang) រដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ និង លោក ព្រុមមីន លឺតស៊ូរីដេច (Prommin Lertsuridej) ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជួបពិភាក្សាជាមួយមេទ័ពកំពូលៗ ដើម្បីស្នើសុំពន្យារពេល ទិញគ្រឿងសព្វាវុធ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ ការលើកឡើងបែបនេះ ក៏ដោយសារតែលោកនាយករដ្ឋមន្ត្រី ចង់យកចំណែកថវិកាទាំងនេះ ចំណាយទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ។ រីឯថវិកាដែលបានអនុម័តរួចហើយ ក៏នឹងនៅតែមិនផ្លាស់ប្តូរដដែល។
លោក ផានភក្ដី ផាតថាណាគុល (Phanphakdee Phatthanakul) មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ (RTAF) ទើបនឹងតែងតាំងថ្មី បានបញ្ជាក់ ថា រដ្ឋាភិបាល បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធ ផ្តល់អាទិភាព ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃ និង បញ្ហាអ័ព្ទ…ជាដើម។

បើទោះជាយ៉ាងណា លោកមេទ័ពអាកាសរូបនេះ បានច្រានចោល ចំពោះរបាយការណ៍នានាបានអះអាង ថា កងទ័ពអាកាសភូមិន្ទថៃ គ្រោងនឹងទិញយន្តហោះចម្បាំង Gripen ចំនួន៣គ្រឿង មកពីស៊ុយអែត សម្រាប់បំពេញបន្ថែម ដល់កងយន្តហោះរបស់ខ្លួន នៅ Wing 7 ស្ថិតក្នុងខេត្តស៊ូរ៉ាត ថានី (Surat Thani) ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសថៃ ក្រោយពេលសហរដ្ឋអាមេរិក បានបដិសេធ លក់យន្តហោះចម្បាំង F-35A មកដល់ប្រទេសអាស៊ានមួយនេះ។
ប្រភពព័ត៌មាន ពីកងទ័ពអាកាស បានអះអាង ថា កងទ័ពអាកាសភូមិន្ទថៃ បានទិញយន្ដហោះចម្បាំង ប្រភេទ Gripen ចំនួន១២គ្រឿង ប៉ុន្ដែវាបានបាត់បង់មួយគ្រឿង នៅក្នុងឧប្បត្តិហេតុធ្លាក់។ យន្តហោះចម្បាំង Gripen មានតម្លៃប្រហែល២ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជាង ៥៤,៣៥លានដុល្លារអាមេរិក នៅក្នុងមួយគ្រឿងៗ៕ រក្សាសិទ្ធដោយ ៖ សារាយSN









