Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ផ្គត់ផ្គង់គ្រាប់រំសេវជាង១លានគ្រាប់ទៅអ៊ុយក្រែន ក្រោយរឹបអូសបានពីអ៊ីរ៉ង់

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្ទេរគ្រាប់គ្រាប់រំសេវ ជាង១លានគ្រាប់ ដែលបានរឹបអូសបាន ពីអ៊ីរ៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ជាង៤៣ពាន់លានដុល្លារ នៅក្នុងចំណោមជំនួយទាំងអស់ ប្រហែលជាង១១៣ពាន់លានដុល្លារ ដោយរាប់ទាំងលុយបើកប្រាក់ខែ ដល់កងទ័ព ប៉ូលិស និង មន្រ្ដីរដ្ឋការរបស់ក្រុងកៀវ និង ជំនួយមនុស្សធម៌ផ្សេងៗទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា មន្រ្ដីយោធាសហរដ្ឋអាមេរិក បានអះអាង ថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនគ្រាប់រំសេវ ចំនួន ១,១លានគ្រាប់ ទៅឲ្យកងទ័ពអ៊ុយក្រែន។ គ្រាប់រំសេវទាំងនេះ ត្រូវបានកងទ័ពសហរដ្ឋអាមេរិក រឹបអូសបាន ពីអ៊ីរ៉ង់ ដែលបានបញ្ជូនទៅជួយគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធឧទ្ទាមហ៊ូធី (Houthi) ដែលបាន និង កំពុងតែវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសយេមែន។

ទីបញ្ជាការកណ្ដាលយោធាសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៤ ខែតុលា ឆ្នាំ២០២៣) ថា គ្រាប់រំសេវជាច្រើន ត្រូវបានរឹបអូស ពីទូកមួយគ្រឿង កាលពីឆ្នាំ២០២២។ សហរដ្ឋអាមេរិក បានចោទប្រកាន់ ដល់ប្រទេសអ៊ីរ៉ង់ ជាអ្នកដឹកជញ្ជូនគ្រាប់រំសេវ នាំទៅផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន។ ឥឡូវ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ទេរគ្រាប់រំសេវ ទំហំ៧,៦២មិល្លីម៉ែត្រ ប្រហែល ១,១លានគ្រាប់ ទៅឲ្យកងទ័ពអ៊ុយក្រែន»។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ និង ក្រុងវ៉ាស៊ីនតោន ដោយអ៊ីរ៉ង់ បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដែលកំពុងតែសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន និង ជួយគាំទ្រដល់ក្រុមឧទ្ទាមហ៊ូធី (Houthi) ដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសយេមែន។

ជំនួយយោធារបស់សហរដ្ឋអាមេរិក បាន និង កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ទប់ទល់នឹងសង្គ្រាមលុកលុយរបស់ក្រុងមូស្គូ។ ប៉ុន្តែសមាជិកអភិរក្សនិយម មកពីគណបក្សសាធារណរដ្ឋអាមេរិក បានសន្យា ថា នឹងកាត់បន្ថយមូលនិធិយោធាបន្ថែមទៀត។ ស្របគ្នានេះ ក៏មានការរិះគន់ដល់ជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ទាំងនៅអាមេរិក និង អឺរ៉ុប កំពុងតែឡើងកម្ដៅ ដោយចោទជាសំណួរ អំពីភាពធន់ នៃកិច្ចគាំទ្ររបស់លោកខាងលិច នៅក្នុងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី។

មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) ថា ជំនួយដែលបានអនុម័ត កាលពីមុន នឹងអនុញ្ញាតដល់សហរដ្ឋអាមេរិក រក្សាកម្រិតជួយគាំទ្រដល់អ៊ុយក្រែន នាពេលនេះ សម្រាប់ «រយៈពេលយូរជាងនេះ» ប៉ុន្តែការអនុម័តពីសភា សម្រាប់ការចំណាយថ្មី នឹងចាំបាច់ដើម្បីធ្វើដូច្នេះ នៅក្នុងរយៈពេលវែង។

ចាប់តាំងពីកម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូត សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធា ជាង៤៣ពាន់លានដុល្លារ នៅក្នុងចំណោមជំនួយផ្សេងៗទៀត រួមទាំង ជំនួយមនុស្សធម៌ និង លុយសម្រាប់បើកប្រាក់ខែផងដែរ។ ទំហំជំនួយយោធារបស់សហរដ្ឋអាមេរិក បានចូលរួមចំណែកជាងពាក់កណ្តាល នៃការគាំទ្រទាំងអស់របស់អន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×