រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានព្រមានមកដល់មេដឹកនាំអឺរ៉ុប ថា រុស្សី អាចនឹងបង្កើនសមត្ថភាពយោធាជាថ្មី ហើយវាយប្រហារ ទៅលើប្រទេសផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រសិនបើទ្វីបមួយនេះ បោះបង់ចោលនូវការគាំទ្ររបស់ខ្លួន ជួយដល់រដ្ឋាភិបាលក្រុងកៀវ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា នៅក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃសហគមន៍នយោបាយអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា គាត់នៅតែមានទំនុកចិត្ដ លើការបន្ដផ្ដល់ជំនួយហិរញ្ញវត្ថុ មកពីសហរដ្ឋអាមេរិក និង អឺរ៉ុប ថ្វីបើមានរលកព្យុះនយោបាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និង កន្លែងផ្សេងៗទៀតយ៉ាងណាក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន បានព្រមានមកដល់មេដឹកនាំអឺរ៉ុប ថា រុស្សី អាចនឹងបង្កើនសមត្ថភាពយោធាជាថ្មី ហើយវាយប្រហារ ទៅលើប្រទេសផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រសិនបើទ្វីបមួយនេះ បោះបង់ចោលនូវការគាំទ្ររបស់ខ្លួន ជួយដល់រដ្ឋាភិបាលក្រុងកៀវ។
នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយ លោកប្រធានាធិបតី ហ្សេឡែនស្គី បានពិពណ៌នា អំពីរបៀបដែលកុមារអ៊ុយក្រែន នៅភាគខាងកើត នៃទីក្រុងខាគីវ ( Kharkiv) កំពុងតែរៀនសូត្រ ពីចម្ងាយ ឬ ចូលរៀន នៅតាមស្ថានីយរថភ្លើងក្រោមដី ដោយសារតែការវាយឆ្មក់តាមអាកាស ពីកម្លាំងទាហានរុស្ស៊ី។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ដល់កិច្ចប្រជុំ នៅក្នុងទីក្រុងហ្គ្រេណាដា (Granada) នាភាគខាងត្បូងរបស់ប្រទេសអេស្ប៉ាញ មានចម្ងាយប្រហែល ៤០០០គីឡូម៉ែត្រ ពីភាគខាងលិច នៃទីក្រុងខាគីវរបស់ប្រទេសអ៊ុយក្រែន ថា ទាល់តែមានប្រព័ន្ធការពារដែនអាកាស ប្រកបដោយប្រសិទ្ធភាពពេញលេញ ទើបកុមារអ៊ុយក្រែន មិនចូលរៀន នៅក្នុងសាលាក្រោមដី។ ការផ្តល់ឧបករណ៍យោធាបន្ថែម នឹងជួយដល់ប្រទេសអ៊ុយក្រែន ហើយនេះអាចមានន័យ ថា ដ្រូន, រថក្រោះ ឬ អាវុធផ្សេងៗទៀតរបស់រុស្ស៊ី នឹងមិនអាចវាយប្រហារនរណាម្នាក់ផ្សេងទៀតបាន នៅតំបន់អឺរ៉ុប។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «យើងមិនត្រូវអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ) ពូទីន បង្កអស្ថិរភាព ដល់តំបន់ផ្សេងៗទៀតរបស់ពិភពលោក និង ដៃគូរបស់យើង ដើម្បីបំផ្លាញអំណាចរបស់អឺរ៉ុប បាននោះឡើយ។ វត្តមានរបស់រុស្ស៊ី យោធា ឬ អ្នកតំណាងរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅលើទឹកដីរបស់ប្រទេសណាមួយ ក៏ជាការគំរាមកំហែង មកដល់យើងទាំងអស់គ្នា។ យើងត្រូវតែធ្វើការរួមគ្នា ដើម្បីរុញច្រានរុស្ស៊ី ឲ្យចេញពីទឹកដីរបស់ប្រទេសដទៃ។

សហគមន៍នយោបាយអឺរ៉ុប ត្រូវបានបង្កើតឡើង កាលពីឆ្នាំមុន ក្រោយការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងចំណោមប្រទេស ជាង៤០ រាប់ចាប់ពីប្រទេសន័រវេស រហូតទៅដល់ប្រទេសអាល់បានី។
ការជួបប្រជុំ នៅក្នុងទីក្រុង Granada ប្រទេសអេស្ប៉ាញ នឹងផ្តល់ឱ្យនូវបញ្ជាក់ឡើងវិញ អំពីការប្ដេជ្ញាចិត្តរបស់បណ្ដាមេដឹកនាំអឺរ៉ុប មានដូចជា លោក អេមម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង, លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ និង លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេស …ជាដើម ចំពោះកិច្ចគាំទ្រជួយដល់ប្រទេសអ៊ុយក្រែន ក្រោយពេលការកើតចលាចលខាងនយោបាយ ទាំងនៅសហរដ្ឋអាមេរិក និង អឺរ៉ុប បានចោទជាសំណួរ អំពីការបន្តនូវកិច្ចគាំទ្ររបស់លោកខាងលិច។
ជម្លោះមួយ នៅក្នុងចំណោមសមាជិកសភាសភាអាមេរិក ភាគច្រើន មកពីសាធារណរដ្ឋ បានធ្វើឱ្យការចរចា អំពីបញ្ហាថវិកា មានភាពស្មុគស្មាញ ហើយបានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យ ងាកចេញពីការជឿជាក់ ថា កិច្ចព្រមព្រៀងមួយ នឹងត្រូវធ្វើឡើងលើជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ហើយនេះបានបង្ហាញ អំពីការព្រួយបារម្ភជាចំហ ផងដែរ។

ការគាំទ្រ នៅអឺរ៉ុប ក៏លេចចេញជាដុំកំភួនផងដែរ ក្រោយពេលអតីតនាយករដ្ឋមន្ត្រី ដែលគាំទ្រ ដល់ប្រទេសរុស្ស៊ី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានឈ្នះនៅក្នុងការបោះឆ្នោតរបស់ប្រទេសស្លូវ៉ាគី កាលពីចុងសប្តាហ៍មុន តាមរយៈការសន្យាបញ្ចប់ជំនួយយោធា ជួយដល់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានបង្ហាញ អំពីការព្រួយបារម្ភបែបនេះ ដោយបាននិយាយ ថា «ខ្ញុំមានទំនុកចិត្ត មកលើសហរដ្ឋអាមេរិក។ ពួកគេជាមនុស្សរឹងមាំ ជាមួយនឹងស្ថាប័នដ៏រឹងប៉ឺងបំផុត ហើយមានលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ នៅលើពិភពលោក»។
លោកស្រី អឺស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប ជានាយកប្រតិបត្តិសហភាពអឺរ៉ុប បានបញ្ជាក់ ថា ប្លុកនេះកំពុងតែធ្វើការងារ នៅក្នុងកញ្ចប់ថវិកាជំនួយ មានទំហំទឹកប្រាក់ ៥០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ជួយដល់ប្រទេសអ៊ុយក្រែន។ លោកស្រី មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការបន្តផ្ដល់ជំនួយ មកពីសហរដ្ឋអាមេរិក ជួយដល់រដ្ឋាភិបាលក្រុងកៀវ៕ រក្សាសិទ្ធដោយ ៖ សារាយSN















