រដ្ឋធានីហាណូយ៖ ទីប្រឹក្សា និង ជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែង ថា ការបង្កើនវិធានការការពារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លើការនាំចូលទូទៅ និង ទំនិញរបស់វៀតណាម ជាពិសេស បានធ្វើឱ្យមានការពិបាក នៅក្នុងការនាំចេញ ទៅកាន់ទីផ្សាររបស់ប្រទេសមហាអំណាចមួយនេះ។ នេះបើតាមសារព័ត៌មាន VietnamNet បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។
លោក ដូ ង៉ុក ហ៊ុង (Do Ngoc Hung) ទីប្រឹក្សា និង ជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក បានពិពណ៌នា អំពីសហរដ្ឋអាមេរិក ថា ជាប្រទេសនាំចូលដ៏ធំបំផុតរបស់ពិភពលោក ដោយមានតម្លៃ ប្រចាំឆ្នាំ លើសពី ៣ពាន់ពាន់លានដុល្លារ (3 trillion USD)។

បើតាមស្ថិតិរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (USITC) បង្ហាញថា នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានដំណើរការអតិរេកពាណិជ្ជកម្ម ប្រហែល ៥០០ពាន់លានដុល្លារ។ សកម្មភាពបែបនេះ បានបង្ហាញ ថា វាមានការទាក់ទាញដ៏ខ្លាំងក្លា និង ជាគោលដៅរបស់បណ្ដាប្រទេសនាំចេញ នៅទូទាំងពិភពលោក។ បើទោះជាយ៉ាងណាក៏ដោយ ទីផ្សារសហរដ្ឋអាមេរិក ក៏មានតម្រូវការខ្លាំងផងដែរ ជាមួយនឹងតម្រូវការដ៏តឹងរ៉ឹង និង ស្តង់ដារខ្ពស់ សម្រាប់ទំនិញជាច្រើនទៀត។
លោកទីប្រឹក្សា និង ជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក បានកត់សម្គាល់ ថា ដើម្បីកាត់បន្ថយនូវអតិរេកពាណិជ្ជកម្មរបស់ខ្លួន សហរដ្ឋអាមេរិក នឹងបន្តអនុវត្តវិធានការការពារពាណិជ្ជកម្ម បន្ថែមទៀត។

លោក ដូ ង៉ុក ហ៊ុង បានបន្ដ ថា បើគិតត្រឹមចុង ខែឧសភា សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតកិច្ចការពារពាណិជ្ជកម្ម ចំនួន៥៥ ប្រឆាំងនឹងប្រទេសវៀតណាម ដោយស្មើនឹងជិត ២៥ភាគរយ នៃចំនួនសរុប សម្រាប់ការស៊ើបអង្កេត ប្រឆាំងនឹងការលក់បង្ខូចថ្លៃ ប្រឆាំងនឹងការនាំចេញរបស់វៀតណាម។ ការស៊ើបអង្កេតនេះ បានគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ ពីក្រុមហ៊ុនរកបានប្រាក់ចំណូលរូបិយប័ណ្ណសំខាន់ៗរបស់វៀតណាម មានដូចជា ដែក ឈើ សម្លៀកបំពាក់ សំបកកង់ ម៉ាស៊ីនបោកគក់…ជាដើម។

បើតាមលោកទីប្រឹក្សា និង ជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម បានឲ្យដឹង ថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានស្នើវិសោធនកម្ម និង ដាក់បន្ថែមលើបទប្បញ្ញត្តិមួយចំនួន ស្តីពីការប្រឆាំងនឹងការលក់បង្ខូចថ្លៃ និង ការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន ដោយផ្តោតលើគោលនយោបាយ ទាក់ទងនឹងការងារ និង បង្កើនការប្រកួតប្រជែង ប្រឆាំងនឹងការអនុវត្តមិនយុត្តិធម៌ លើមុខទំនិញនាំចូល។
ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់អង្គភាពអាជីវកម្ម និង រក្សាទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយតុល្យភាព និង និរន្តរភាព រវាងវៀតណាម និងអាមេរិក គឺការពិភាក្សា និងការចរចាជាច្រើន បានប្រព្រឹត្តទៅ រវាងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម (MoIT) ហើយភាគីអាមេរិក ក៏ដូចជា ការិយាល័យរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ៕ រក្សាសិទ្ធដោយ ៖ សារាយSN












