Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះចម្បាំងសហរដ្ឋអាមេរិក បាញ់ទម្លាក់ដ្រូនយោធាតួកគី ភ្លាម ប្រមុខការទូតបើកការចរចាភ្លែត

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រមុខការទូតរបស់ក្រុងវ៉ាស៊ីនតោន និង ក្រុងអង់ការ៉ា បានបើកការចរចាតាមទូរស័ព្ទភ្លាមៗ ក្រោយពេលយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក F-16 បានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនបំពាក់ដោយអាវុធរបស់តួកគី នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៧ ខែតុលា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា ដ្រូនមួយគ្រឿងហោះមកជិតមូលដ្ឋានកងទ័ពជើងគោកសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ។ ប៉ុន្តែក្រុងអង់ការ៉ាគ្រាន់តែ អះអាង ថា តួកគីបានបាត់បង់ដ្រូនមួយគ្រឿង នៅក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួន។

លោក ហាកាន់ ហ្វីដាន (Hakan Fidan) រដ្ឋមន្រ្ដី ក្រសួងការបរទេសតួកគី បានប្រាប់ដល់សមភាគីសហរដ្ឋអាមរិក នៅក្នុងអំឡុងចរចាតាមទូរស័ព្ទ រវាងសម្ពន្ធមិត្តណាតូទាំង២នេះ ថា តួកគី នឹងបន្តកំណត់គោលដៅ ទៅលើក្រុមចលនាប្រដាប់អាវុធឃឺដ។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការ ជាមួយនឹងកម្លាំងប្រដាប់អាវុធ YPG របស់ជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែតួកគីចាត់ទុកក្រុមនេះ ជាអ្នកបំបែកខ្លួន និង ជាក្រុមភេរវករ។

លោកប្រមុខការទូតតួកគី បានប្រាប់ដល់លោក អេនតូនី ប៊ីលនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថា «ប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្មរបស់តួកគី នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី នឹងបន្តតាមការប្តេជ្ញាចិត្តរបស់ក្រុងអង់ការ៉ា»។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា លោករដ្ឋមន្រ្ដី ប៊ីលនខេន បានគូសបញ្ជាក់ អំពីតម្រូវការ សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងអង់ការ៉ា ជុំវិញការសម្របសម្រួល និង ការបង្កឱ្យមានជម្លោះ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេ។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) ថា យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់ដ្រូនរបស់តួកគី ដែលមានបំពាក់អាវុធ កំពុងតែបើកប្រតិបត្តិការ នៅជិតមូលដ្ឋានកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសស៊ីរី ក្រោយការផ្តល់នូវការព្រមាន ជាច្រើនលើកច្រើនសារួចមក។

លោកឧត្ដមសេនីយ៍ ផេទ្រីក រ៉ៃឌឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា កងទ័ពសហរដ្ឋអាមេរិកបានសង្កេតឃើញយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជាច្រើនគ្រឿង កំពុងតែវាយប្រហារ នៅ លើដែនអាកាស នៅជិត Al Hasakah នៅភាគឦសានរបស់ប្រទេសស៊ីរី នៅវេលាម៉ោង ៧ និង ៣០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី៥ ខែសីហា។ សកម្មភាពទាំងនេះ បានកើតឡើង នៅចម្ងាយ ប្រហែលត្រឹមតែ១គីឡូម៉ែត្រ ពីមូលដ្ឋានកងទ័ពជើងគោកសហរដ្ឋអាមេរិក។ ប៉ុន្ដែរយៈពេល៤ម៉ោងក្រោយមក យន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក F-16 បាញ់ទម្លាក់ដ្រូននោះ ក្រោយពេលមេបញ្ជាការជាច្រើននាក់ បានវាយតម្លៃ អំពីការគំរាមកំហែងដ៏ខ្លាំងក្លា មកលើកងទ័ពរបស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×