រដ្ឋធានីមីនស្ក៍ (Minsk)៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន រកពេលដកថយមិនរួច ព្រោះខ្លាចរងនូវការអាម៉ាស់ ជាមហាអំណាចយោធាលំដាប់លេខ២ នៅលើពិភពលោក មិនអាចផ្ដួលរំលំរដ្ឋាភិបាលក្រុងកៀវ បានសម្រេចតាមគោលបំណងនោះ ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចេញមុខមកអះអាង ថា សហរដ្ឋអាមេរិក កំពុងតែជំរុញរុស្ស៊ី ឲ្យប្រើប្រាស់អាវុធមហាប្រល័យលោក។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមរិក CNN បានផ្សាយ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយដកស្រង់សម្ដីរបស់លោក អាឡិកសាន់ដឺរ លូកាសែនកូ (Alexander Lukashenko ) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ កាលពីថ្ងៃសុក្រ (ទី៦ ខែតុលា) ថា ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីន ជួយដល់ប្រទេសអ៊ុយក្រែន ស្មើនឹងមានន័យ ថា សហរដ្ឋអាមេរិក កំពុងតែរុញច្រានប្រទេសរុស្ស៊ី ឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោកប្រធានាធិបតី លូកាសែនកូ បានថ្លែង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់មូលដ្ឋានងយោធា ស្ថិតក្នុងតំបន់ Brest ថា «ខ្ញុំកំពុងតែទទួលអារម្មណ៍ ថា ខ្ញុំសូមនិយាយម្តងទៀត តាមគំនិតរបស់ខ្ញុំ គឺសហរដ្ឋអាមេរិក កំពុងជំរុញឱ្យរុស្ស៊ី ឆ្ពោះទៅរកការប្រើប្រាស់អាវុធដ៏គួរឱ្យភ័យខ្លាចបំផុត ព្រោះតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់គ្រឿងសព្វាវុធជួយដល់លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) និងកងទ័ពរបស់គាត់ ជាមួយនឹងមីស៊ីលបាញ់ចម្ងាយឆ្ងាយ រហូតដល់៣០០គីឡូម៉ែត្រ អាចវាយប្រហារ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី។

លោកប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក វ៉្លាឌីមៀ ពូទីន បានបន្ថែម ថា ប្រសិនបើមីស៊ីលបែបនេះ វាយប្រហារនៅលើទឹកដីរបស់រុស្ស៊ី នោះ រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងត្រូវឆ្លើយតប។ បើការវាយប្រហារណាមួយ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ក៏មានន័យ ថា ក្រុងមូស្គូ នឹងឆ្លើយតបវិញ មានលក្ខណៈទ្រង់ទ្រាយធំបំផុត។ បើមិនដូច្នេះទេ តើមានហេតុផលអ្វី ដែលយើងត្រូវការអាវុធនុយក្លេអ៊ែរទាំងនេះ?
លោកប្រធានាធិបតី លូកាសែនកូ បានបន្ថែម ថា ការជំរុញឱ្យមានភាពតានតឹង រវាងប្រទេសនានា អាចនាំឱ្យមានស្ថានភាពធ្ងន់ធ្ងរ ខណៈរុស្ស៊ី នឹងដកប៊ូតុងក្រហម នៅលើតុ។ សហរដ្ឋអាមេរិក មិនភ័យខ្លាច អំពីសុវត្ថិភាពរបស់បណ្ដាប្រទេសទាំងនេះទេ «ព្រោះសហរដ្ឋអាមេរិក មានរបាំងមហាសមុទ្រ»។

អត្ថាធិប្បាយរបស់លោកប្រធានាធិបតី លូកាសែនកូ បានកើតឡើង ក្រោយពេលលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) ថា ក្រុងមូស្គូ អាចនឹងលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។ ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ បន្ទាប់បីប្រធានសភាឌូម៉ារដ្ឋរុស្ស៊ី លោក វីយ៉ាឆេស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) បានបញ្ជាក់ ថា ក្រុមប្រឹក្សារដ្ឋឌូម៉ា ពិតជានឹងពិភាក្សា អំពីបញ្ហាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់នូវការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សារាយSN

















