Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមសកម្មជន កំពុងតែចោទប្រកាន់ក្រុមហ៊ុនផលិតអាវុធរដ្ឋឥណ្ឌូណេស៊ី ផ្គត់ផ្គង់អាវុធទៅដល់របបសឹកមីយ៉ាន់ម៉ា

រដ្ឋធានីហ្សាការតា៖ ក្រុមសិទ្ធិមនុស្សឥណ្ឌូណេស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ បានជំរុញឲ្យរដ្ឋាភិបាលក្រុងហ្សាការតា បើកការស៊ើបអង្កេត ជុំវិញការសង្ស័យ អំពីក្រុមហ៊ុនផលិតគ្រឿងសព្វាវុធ គ្រប់គ្រងដោយរដ្ឋ បានបញ្ជូនអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសអាស៊ានមួយនេះ បាន និង កំពុងព្យាយាមលើកកម្ពស់នូវការផ្សះផ្សាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា បានផ្ទុះឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតបង្កឱ្យមានជម្លោះរីករាលដាល កាន់តែធំឡើង។

សារព័ត៌មាន Reuters  បានចេញផ្សាយ ថា បើតាមលោក ហ្វេរី អាមសារី (Feri Amsari) ជាទីប្រឹក្សាច្បាប់ សម្រាប់ក្រុមសកម្មជន បានឲ្យដឹង ថា ក្រុមសកម្មជនជាច្រើន បានដាក់ពាក្យបណ្តឹង ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែតុលា ដោយបានចោទប្រកាន់ ថា ក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋ ចំនួន៣ បានលក់គ្រឿងសព្វាវុធ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីអំពើរដ្ឋប្រហារ បានផ្ទុះឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។

ប្រទេសមីយ៉ាន់ម៉ា បានរងនូវអំពើហិង្សា ចាប់តាំងពីពួកយោធា បានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ដែលឈ្នះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ោង ស៊ាន់ស៊ូជី (Aung San Suu Kyi) កាលពីជាងពីរឆ្នាំមុន។

ក្រុមអង្គការដែលដាក់ពាក្យបណ្តឹងនេះ រួមមាន អង្គការមីយ៉ាន់ម៉ា ចំនួនពីរ គឺអង្គការសិទ្ធិមនុស្សឈីន (Chin) និង គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា ហើយលោក ម៉ាហ្ស៊ូគី ដារូស្មាន់ (Marzuki Darusman) អតីតអគ្គមេធាវីឥណ្ឌូនេស៊ី និង ជាអ្នកតស៊ូមតិសិទ្ធិ។

ក្រុមអង្គការទាំងនេះ បានចោទប្រកាន់ ថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់រដ្ឋឥណ្ឌូណេស៊ី PT Pindad, ក្រុមហ៊ុនផលិតនាវារដ្ឋ PT PAL និង ក្រុមហ៊ុនអាកាសចរណ៍ PT Dirgantara Indonesia បានផ្គត់ផ្គង់ឧបករណ៍ផ្សេងៗ ទៅដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈក្រុមហ៊ុនមីយ៉ាន់ម៉ា ឈ្មោះ True North ។ អង្គការទាំងនេះ បានអះអាង ថា ក្រុមហ៊ុនទាំងនោះ ជាកម្មសិទ្ធិរបស់កូនប្រុសរបស់រដ្ឋមន្ត្រីម្នាក់ នៅក្នុងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

ក្រុមហ៊ុនការពារជាតិ គ្រប់គ្រង ដោយ DEFEND ID ដែលមានអង្គភាពជាច្រើន រួមមាន PT Pindad, PT PAL និង PT Dirgantara Indonesia បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ  កាលពីថ្ងៃពុធ (ទី៤ ខែតុលា) ថា ក្រុមហ៊ុនទាំងនេះ មិនបាននាំចេញឧបករណ៍ការពារជាតិ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីអំឡុងខែឧសភា ថា យោធាមីយ៉ាន់ម៉ា បាននាំចូលអាវុធ និងសម្ភារៈពាក់ព័ន្ធ មានតម្លៃយ៉ាងហោចណាស់ ចំនួន១ពាន់លានដុល្លារ ចាប់តាំងពីរដ្ឋប្រហារ រហូតមក ហើយភាគច្រើន គ្រឿងសព្វាវុធទាំងនោះ បាននាំចូលមកពីប្រទេសរុស្ស៊ី ចិន សិង្ហបុរី ថៃ និង ឥណ្ឌា៕រក្សាសិទ្ធដោយ ៖ សារាយSN

×