រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបន្ដចាប់ផ្ដើមរឹតបន្ដឹងជាថ្មី ប្រឆាំងនឹងក្រុមហ៊ុនរបស់ប្រទេសចិន ចំនួ៤២ក្រុមហ៊ុន ក្រោមការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី។
សារព័ត៌មាន The Economic Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៨ ខែតុលា ថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានដាក់បញ្ចូលក្រុមហ៊ុនចិន ចំនួន៤២ក្រុមហ៊ុន ឲ្យស្ថិតក្រោមបញ្ជីគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក ដោយសារតែជាប់ពាក់ព័ន្ធនឹងការជួយគាំទ្រ ដល់មូលដ្ឋានយោធារបស់រុស្ស៊ី។ ក្រុមហ៊ុនចិនទាំងនេះ បាននិងងកំពុងតែផ្គត់ផ្គង់សៀគ្វី ឬ បន្ទះឈីប ផលិតដោយសហរដ្ឋអាមេរិក ដែលរុស្ស៊ី ប្រើប្រាស់ សម្រាប់ប្រព័ន្ធណែនាំផ្លូវ បំពាក់នៅក្នុងមីស៊ីល និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។ ស្របគ្នានេះ ក្រុមហ៊ុនចំនួន៧ មកពីប្រទេសហ្វាំងឡង់ដ៍ អាល្លឺម៉ង់ ឥណ្ឌា តួកគី អារ៉ាប់រួម និង ចក្រភពអង់គ្លេស ក៏ត្រូវបានដាក់បញ្ចូល នៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ផងដែរ។

ដោយឡែក ប្រទេសចិន បានរិះគន់ដល់ចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយហៅវិធានការរបស់ក្រុងវ៉ាស៊ីនតោន ថា វាជាការបង្ខិតបង្ខំខាងសេដ្ឋកិច្ច និង ការគំរាមកំហែង ជាឯកតោភាគី មកលើក្រុមហ៊ុននានារបស់ប្រទេសចិន។
លោក ម៉ាតធូ អាសេលរ៉ូដ (Matthew Axelrod) ឧបការីរដ្ឋមន្រ្ដី ទទួលបន្ទុកលើការអនុវត្ដនូវការនាំចេញ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ការដាក់បញ្ចូលទៅក្នុងបញ្ជីពាណិជ្ជកម្ម នាថ្ងៃនេះ ជាសារបង្ហាញយ៉ាងច្បាស់ ថា ប្រសិនបើអ្នកផ្គត់ផ្គង់ លើវិស័យការពារជាតិរុស្ស៊ី ជាមួយនឹងបច្ចេកវិទ្យា មានប្រភពពីដើម មកពីសហរដ្ឋអាមេរិក ហើយត្រូវយើងរកឃើញ យើងនឹងចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងអ្នកវិញ»។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «សហរដ្ឋអាមេរិក គួរតែកែតម្រូវជាបន្ទាន់ ចំពោះការអនុវត្ដខុសឆ្គងរបស់ខ្លួន ហើយបញ្ឈប់នូវការដាក់សម្ពាធ ដោយគ្មានហេតុផល ប្រឆាំងនឹងក្រុមហ៊ុននានារបស់ចិន៕រក្សាសិទ្ធដោយ ៖ សារាយSN







