រដ្ឋធានីវ៉ាស៊ីនតោន៖ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក ទើបនឹងឡើងកាន់តំណែងថ្មី បានព្រមាន ដល់ប្រទេសអ៊ីរ៉ង់ ត្រូវដកខ្លួន នៅឲ្យឆ្ងាយ ចេញពីសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ ស្របពេលជម្លោះវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងភាគីទាំង២ បានបណ្ដាលឲ្យមនុស្ស ជិត២ពាន់នាក់ បាត់បង់ជីវិត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែតុលា ថា លោកនាយឧត្តមសេនីយ៍ ឆាលស៍ ប្រោន (Charles Q Brown) ទើបនឹងឡើងកាន់តំណែង ជានាយអគ្គសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បន្ដពីលោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ ទើបនឹងចូលនិវត្ដន៍ កាលពីពេលថ្មីៗនេះ បានព្រមាន ដល់ប្រទេសអ៊ីរ៉ង់ ត្រូវនៅឲ្យឆ្ងាយ ពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ព្រោះគាត់មិនចង់ឱ្យជម្លោះនេះ រីករាលដាល កាន់តែធំឡើងបន្ថែមទៀត។

លោកទ័ពកំពូលរបស់សហរដ្ឋអាមេរិក ត្រួតត្រាទាំងកម្លាំងជើងទឹក ជើងគោក និង ជើងអាកាស រូបនេះ បានបញ្ជាក់ ថា ការដាក់ពង្រាយនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នៅភាគខាងកើតសមុទ្រមេឌីទែររ៉ាណេ នៅក្បែរប្រទេសអ៊ីស្រាអែល មានគោលបំណង ផ្ញើសារគាំទ្រដ៏ខ្លាំងក្លា ជួយដល់ប្រទេសអ៊ីស្រាអែល។ សកម្មភាពបែបនេះនេះ កំពុងតែបង្ហាញសារយ៉ាងម៉ឺងម៉ាត់មួយ រារាំង និង ទប់ស្កាត់ ចំពោះការការពង្រីកជម្លោះបន្ថែមទៀត។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញ អំពីគោលជំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជួយគាំទ្រដល់ប្រទេសអ៊ីស្រាអែល ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីជាង៥០ឆ្នាំកន្លងមក។

ដោយឡែក ទីភ្នាក់ងារសុខាភិបាលនានា បានរាយការណ៍ ថា សង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ បានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា (Gaza) ចំនួន ៦៨៩នាក់ ស្លាប់ និង ជនជាតិអ៊ីស្រាអែល ជាង៩០០នាក់ បានបាត់បង់ជីវិត ខណៈចំនួនអ្នករងរបួស កើនឡើង ដល់រាប់ពាន់នាក់។ ដោយឡែក ទំហំខូចខាត ដោយសារសង្គ្រាមនេះ នៅមិនទាន់មានភាគីណាមួយអះអាង នៅឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN





























