Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរវាងអ៊ីស្រាអែល-ហាម៉ាស់ កំពុងតែពង្រីកភាពតានតឹង ដល់ប្រទេសលីបង់

រដ្ឋធានីបេរូត (Beirut) ៖ សង្គ្រាមវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និង កម្លាំងទាហានហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កំពុងតែបង្កឲ្យមានភាពតានតឹងដាក់គ្នា នៅតាមព្រំដែន រវាងប្រទេសលីបង់-អ៊ីស្រាអែល បន្ដកើនឡើង ជាមួយនឹងក្រុមហេសប៊ូលឡា (Hezbollah) ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែតុលា ថា ភាពតានតឹង នៅតាមបណ្តោយព្រំដែន រវាងលីបង់ និង អ៊ីស្រាអែល កំពុងតែបន្តកើនឡើង ជាមួយកងកម្លាំងប្រដាប់អាវុធហេសបូឡា ដែលកំពុងតែកំណត់គោលដៅវាយប្រហារ ទៅលើទីតាំងកងទ័ពអ៊ីស្រាអែល។ សកម្មភាពរបស់ពួកគេ ជាការសងសឹក ទៅនឹងការសម្លាប់សមាជិកជាច្រើននាក់របស់ពួកគេ នៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់។

អំពើហិង្សានេះ កំពុងតែនាំឱ្យក្រុមអ្នកសង្កេតការណ៍ជាច្រើន ចោទសួរថា តើការប៉ះទង្គិចគ្នានេះ នឹងក្លាយទៅជាសង្រ្គាមរីករាលដាល កាន់តែធំដែរឬទេ? អ៊ីស្រាអែល បានចាប់ផ្តើមបាញ់ផ្លោង ទៅលើតំបន់ជាច្រើនរបស់ប្រទេសលីបង់ ក្រោយពេលក្រុមយុទ្ធជន មកពីក្រុមជីហាតអ៊ិស្លាមប៉ាឡេស្ទីន (PIJ) បានជ្រៀតចូល តាមព្រំដែនរបស់ខ្លួន មកពីតំបន់ភាគខាងជើង។

លោក អាលី ហាសេម (Ali Hashem) ជាអ្នកឆ្លើយឆ្លងសារព័ត៌មានរបស់ Al Jazeera ដែលរាយការណ៍ ពីតំបន់ភាគខាងត្បូង ប្រទេសលីបង់ បានអះអាង ថា ជម្លោះនេះ ជាចំណុចដ៏សំខាន់ សម្រាប់ការឆ្លើយតបរបស់អ៊ីស្រាអែល បានប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ ជាមួយនឹងក្រុមប្រដាប់អាវុធហេសប៊ូលឡា (Hezbollah) របស់លីបង់។

លោក ហាសេម បានបញ្ជាក់ ថា៖ «ឥឡូវនេះ យើងមើលឃើញ អំពីភាពតានតឹង រវាងក្រុមហេសបូលឡា និង អ៊ីស្រាអែល បានកើនឡើងជាបណ្តើរៗ។ ការចូលរួមរបស់ក្រុមហេសបូឡា នៅក្នុងជម្លោះ រវាង អ៊ីស្រាអែលនិង ហាម៉ាស់ អាចប្រែក្លាយ ទៅជាសង្រ្គាមរាលដាលដល់ពាក់កណ្តាលតំបន់។

ដោយឡែក លោក អេលៀស ហ្វារហាត (Elias Farhat) អតីតឧត្តមសេនីយ៍កងទ័ពលីបង់ បានបញ្ជាក់ ថា ការកំណត់គោលដៅរបស់ក្រុមហេសប៊ូលឡា នៅក្នុងប្រទេសអ៊ីស្រាអែល បានបង្ហាញ អំពីការកើនឡើងនូវភាពតានតឹង នៅតាមព្រំដែន។

បើតាមសារព័ត៌មាន Al Jazeera បានរាយការណ៍ ថា ជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់ បានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា រហូតមកដល់ថ្ងៃទី ១០ ខែតុលា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន ៦៨៧នាក់ និង របួសជាង ៣៨០០នាក់ ខណៈជនជាតិអ៊ីស្រាអែល បានស្លាប់ ជាង៨០០នាក់ និង របួស ជាង ២ ២០០នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×