រដ្ឋធានីមូស្គូ៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចដកអាសនៈរបស់រុស្ស៊ី ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក្រោយសង្គ្រាមលុកលុយរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ទៅលើប្រទេសអ៊ុយក្រែន ខណៈឥឡូវរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែព្យាយាម ចង់បានតំណែងនេះត្រឡប់មកវិញ ខណៈមហាសន្និបាតរបស់អង្គការកំពូលនេះ កំពុងតែជ្រើសរើសសមាជិក UNHRC ចំនួន១៥ប្រទេស នៅថ្ងៃអង្គារ ស្របពេលក្រុងកៀវ អះអាងពីរុស្ស៊ី កំពុងតែបន្ដវាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសខ្លួន។

បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិ មានសមាជិក ចំនួន ១៩៣ប្រទេស កាលពីថ្ងៃអង្គារ (ទី១០ ខែតុលា វេលាក្នុងតំបន់ ត្រូវនឹងថ្ងៃពុធ នៅអាស៊ី) នឹងជ្រើសរើសសមាជិក ចំនួន១៥ប្រទេស សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC)។ ប៉ុន្ដែឥឡូវនេះ រុស្ស៊ី កំពុងតែស្វែងរកអាសនៈរបស់ខ្លួនឡើងវិញ ក្រោយពេលអង្គការកំពូលរបស់ពិភពលោកមួយនេះ បានព្យួរអាសនៈរបស់រុស្ស៊ី ក្រោយការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន និង បង្កវិនាសកម្មដ៏សាហាវ នៅក្នុងទីក្រុងប៊ូចា ក៏ដូចជា ទីក្រុងផ្សេងៗរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។
ស្របពេលមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែរៀបចំជ្រើសរើស សមាជិកចំនួន១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ខ្លួននោះ រុស្ស៊ី ប្រឆាំងនឹងប្រទេសអាល់បានី និង ប៊ុលហ្គារី សម្រាប់ការប្រជែងយកអាសនៈចំនួន២ ដែលបានបែងចែក ទៅកាន់តំបន់អឺរ៉ុបខាងកើត។

លោក វ៉ាសស៊ីលី ណេបែនហ៊្សា (Vassily Nebenzia) តំណាងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានចោទប្រកាន់ដល់រដ្ឋាភិបាលវ៉ាស៊ីនតោន ថា សហរដ្ឋអាមេរិក កំពុងតែប្រឈមមុខនឹងយុទ្ធនាការមួយ រារាំងដល់រុស្ស៊ី វិលត្រឡប់មកកាន់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនេះវិញ។
តំណាងអចិន្រ្ដៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ថា «ការភ័យខ្លាចចម្បងរបស់សហសេវិកសហរដ្ឋអាមេរិករបស់យើង នាពេលបច្ចុប្បន្ននេះ គឺការជ្រើសរើសប្រទេសរុស្ស៊ី ឱ្យចូលរួម នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ»។
ដោយឡែក សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗទៀត បានផ្ញើលិខិតទៅកាន់សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ ជំរុញឱ្យពួកគេបដិសេធបោះឆ្នោតជ្រើសរើសរុស្ស៊ី វិលត្រឡប់មកកាន់អាសនៈរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាថ្មី។

លោក រ៉ូប៊ឺត វូដ (Robert Wood) ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ថា ការបោះឆ្នោតជាថ្មី សម្រាប់អាសនៈរបស់រុស្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានកើតឡើង ស្របពេលក្រុងមូស្គូ នៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និង អំពើឃោរឃៅផ្សេងៗទៀត ប្រឆាំងនឹងមនុស្សជាតិ។ សកម្មភាពបែបនេះ នឹងក្លាយជាស្នាមប្រឡាក់ដ៏អាក្រក់ ហើយវានឹងធ្វើឱ្យខូចខាតដល់ទំនុកចិត្ត មកលើស្ថាប័នកំពូលមួយនេះ និង អង្គការសហប្រជាជាតិ៕ រក្សាសិទ្ធដោយ ៖ សារាយSN









