អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ថ្មីស្រឡាងមួយនេះ ពិធីសម្ពោធជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ រំពឺងថា នឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន តាមរយៈការហោះហើរត្រង់របស់ខ្លួន និងមានបំណងសម្រេចបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រាំបីលាននាក់។
លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះ នឹងបង្កើនការហោះហើរត្រង់រវាងតំបន់ និងពិភពលោក ដើម្បីជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា ដែលរួមចំណែកសម្រេចបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រាំបីលាននាក់ តាមផែនទីបង្ហាញផ្លូវ។
លោក បានគូសបញ្ជាក់ទៀតថា ការសាងសង់ព្រលានយន្តហោះទំនើបថ្មីមួយនេះ ដើម្បីដំណើរការជើងហោះហើរត្រង់ទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ ជាពិសេសសម្រាប់ប្រជាជនក្នុងស្រុក។
ជាមួយគ្នានេះ ក្នុងអំឡុងទស្សនាអាកាសយានដ្ឋានថ្មីមួយនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ក៏បានស្នើការដាក់បង្ហាញផលិតផលខ្មែរ និងស្នាដៃសិល្បៈដែលរចនាឡើង គួរតែដាក់តាំងបង្ហាញ និងលក់ក្នុងតម្លៃសមរម្យ នៅក្នុងព្រលានយន្តហោះ ដែលពិតជានឹងរួមចំណែកក្នុងការជំរុញការបង្កើតថ្មី និងសមត្ថភាពផលិតក្នុងស្រុក ក៏ដូចជាការអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិដល់អ្នកដំណើរអន្តរជាតិ។
គួរបញ្ជាក់ថា កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ រួចមកហើយ ដែលកំពុងដំណើរការ គឺ១ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ២ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង៣ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ៕