Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ចាត់វិធានការសមស្រប ទៅលើទីផ្សារប្ដូរប្រាក់បរទេស

រាជធានីតូក្យូ៖ ប្រទេសជប៉ុន កំពុងតែចាត់វិធានការសមស្រប សម្រាប់ទប់ទល់នឹងទីផ្សារប្ដូរប្រាក់ ស្របពេលតម្លៃរូបិយប័ណ្ណអន្ដរជាតិ មានការប្រែប្រួល។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ថា លោក ស៊ូនីឆី ស៊ុយហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ កាលពីចុងសប្តាហ៍មុន ថា គាត់បានថ្លែងទៅកាន់សមភាគីរបស់ក្រុមប្រទេស G20 ថា រដ្ឋាភិបាលក្រុងតូក្យូ អាចនឹងចាត់វិធានការសមស្រប សម្រាប់ទីផ្សារប្តូរប្រាក់បរទេស នៅក្នុងការរឹតបន្តឹងវិធានការរូបិយវត្ថុអន្ដរជាតិ ហើយវាអាចបង្កើននូវការប្រែប្រួលតម្លៃរូបិយប័ណ្ណ។

លោករដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុជប៉ុន បានលើកឡើងបែបនេះ ស្របពេលប្រាក់យ៉េនរបស់ជប៉ុន បានបន្តធ្លាក់ចុះ បើថៃ្លធៀបនឹងប្រាក់ដុល្លារអាមេរិក។ លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ អំពីដំណោះស្រាយរបស់រដ្ឋាភិបាលក្រុងតូក្យូ សម្រាប់អន្តរាគមន៍ ដល់អត្រាប្តូរប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណយ៉េន ឲ្យឡើងថ្លៃឡើងវិញ។

លោក ស៊ូនីឆី ស៊ុយហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំរបស់រដ្ឋមន្ត្រី និង ទេសាភិបាលធនាគារកណ្តាល របស់ក្រុមប្រទេស G20 ថា «ខ្ញុំបានប្រាប់ទៅកិច្ចប្រជុំ G20 ថា យើងត្រូវតែគិតគូរ អំពីហានិភ័យ ដល់ទីផ្សារប្ដូរប្រាក់ ដោយសារការរឹតបន្តឹងវិធានការរូបិយវត្ថុ នៅតែបន្តធ្វើឡើងជាសកល»។ ខ្ញុំក៏បាននិយាយផងដែរថា ការប្រែប្រួលលើសលប់ នៅក្នុងទីផ្សាររូបិយប័ណ្ណ គឺជាអ្វីដែលយើងមិនចង់បាន ហើយយើងប្រហែលជាត្រូវចាត់វិធានការសមស្រប អាស្រ័យលើសភាពការវិវឌ្ឍ»។

បច្ចុប្បន្ន ប្រាក់ដុល្លារបានឡើងថ្លៃ ដោយសារទិន្នន័យអតិផរណាដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ ហើយគេរំពឹងទុក ថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាកាន់តែខ្ពស់ នៅក្នុងរយៈពេលកាន់តែយូរ។ រីឯការជួញដូរប្រាក់ដុល្លារ នៅក្នុងតម្លៃ ១៤៩,៥៣យ៉េន នៅក្នុងមួយដុល្លារ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា រដ្ឋាភិបាលក្រុងតូក្យូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាព នៅក្នុងទីផ្សាររូបិយប័ណ្ណ ប្រសិនបើការប្រែប្រួលទីផ្សារ មានសភាពខ្លាំងក្លាពេក៕រក្សាសិទ្ធដោយ ៖ សារាយSN

×